មនុស្សស្រីទោះបីមិនស្អាតយ៉ាងណា ក៏នៅតែមានគូស្រករ មានអ្នកយកដែរ តែមនុស្សស្រីខ្លះស្អាតៗ ហេតុអ្វីបានជានៅលីវ គ្មានគូនឹងគេ មិនមែនមកពីគ្មានអ្នកណាយកនាងនោះទេ គឺមកពីនាងមិនយកអ្នកណា។
វាក៏មានពិតមែន មនុស្សស្រីដែលសុខចិត្តនៅម្នាក់ឯង មិនព្រមរៀបការ មិនយកអ្នកណា ព្រោះសម្រាប់នាងគឺ គ្មាននិស្ស័យក្នុងរឿងស្នេហា គ្មានអារម្មណ៍ចំពោះអ្នកណា និយាយជារួមគឺ នាងគ្មានកម្មជាមួយនឹងរឿងសាងគ្រួសារ។
ពេលខ្លះ អាចមកពីរឿងរ៉ាវដែលនៅជុំវិញខ្លួននាង ទើបធ្វើឱ្យនាងមិនព្រមរៀបការ។ អាចមកពីទំនាក់ទំនងស្នេហាកន្លងធ្វើឱ្យនាងឆ្អែតចិត្តខ្លាំង ទើបនាងសុខចិត្តនៅម្នាក់ឯង។ អាចមកពីមនុស្សដែលចូលមកក្នុងជីវិតរបស់នាងទាំងប៉ុន្មាន មិនដែលសាងទំនុកចិត្តដល់នាងក្នុងរឿងស្នេហា ទើបធ្វើឱ្យនាងគិតថា អ្នកណាក៏ដូចគ្នា ដូច្នេះ មានតែការនៅម្នាក់ឯងទើបមិនឈឺចាប់ មិនវេទនាចិត្ត។
មនុស្សស្រីខ្លះ គាត់ពិតជារើសគូស្រករ ឬដៃគូជីវិតពិតមែន អ្នកនេះក៏មិនត្រូវ អ្នកនោះក៏មិនត្រូវ ក៏មិនមែនមកពីអ្នកចូលមកគឺមិនល្អទេ តែមកពីគាត់មិនមាននិស្ស័យជាមួយគេ គាត់រើសពេករហូតដល់រើសមិនបាន គាត់មើលពេក រហូតដល់វ័យជ្រេខ្លាំង គឺវ័យដែលហួសនឹងរៀបការ ដូច្នេះ ចុងក្រោយគឺ មានតែរស់នៅម្នាក់ឯង អាចនិយាយបានថា គាត់ច្បាស់លាស់ហើយថា នឹងត្រូវរស់នៅម្នាក់ឯង ព្រោះគាត់អាចនឹងទម្លាប់នឹងជីវិតឯកា ស៊ាំនឹងការរស់នៅដោយខ្លួនឯង ព្រោះគាត់អាចមើលថែខ្លួនឯងបាន ដូច្នេះ មិនអាចបន្ទោសគាត់ទេ ធ្វើម៉េច ពេលខ្លះមនុស្សយើងគឺពិតជាមិនអាចមានជម្រើសច្រើនមែន ហើយការជ្រើសរើសរបស់គាត់ក៏មិនមែនខុសនោះដែរ មនុស្សយើងមានការគិត និងការប្រើប្រាស់ជីវិតបែបផ្សេងៗគ្នា៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ