មនុស្សខ្លះ មានកម្រិតសិក្សាខ្ពស់ តែដល់ពេលរៀនបានខ្ពស់ពេកទៅ ទៅជានិយាយស្ដីលែងគិតខុសត្រូវ លែងដឹងល្អអាក្រក់ រឹតតែសំខាន់គឺ លែងមានសីលធម៌ក្នុងខ្លួន មើលងាយអ្នកដទៃ និយាយស្ដីចេញមក គិតថាខ្លួនឯងខ្លាំងពូកែ ឆ្លាត រៀនបានច្រើន ...
តែកុំភ្លេចថា ទោះបីអ្នកជាអ្នកណា រៀនបានខ្ពស់កម្រិតណា មានទ្រព្យសម្បត្តិច្រើនប៉ុនណា ក៏គ្មានអ្នកណាគោរព និងឱ្យតម្លៃអ្នកដែរ បើក្នុងខ្លួនអ្នក គ្មានគុណធម៌ គ្មានសីលធម៌ និយាយស្ដីគ្មានការគិតនោះ។
សម្ដីខ្លះ ចេញពីមាត់អ្នករៀនបានខ្ពស់ តែវាមិនមែនចេញពីខូររបស់មនុស្សចេះដឹងទេ។ ចំណេះដឹងពិត គឺស្ថិតក្នុងខួរក្បាល មនុស្សចេះគិតពិចារណា ដឹងល្អ ស្គាល់អាក្រក់ ទើបជាអ្នកចេះពិតប្រាកដ មិនមែនស្ថិតលើសញ្ញាបត្រមួយសន្លឹក ដែលអ្នកដាក់តាំងផ្ទះអួតកូនចៅអ្នកនោះឡើយ។
មនុស្សខ្លះរៀនបានច្រើន ខ្ពស់តែកម្រិត តែសម្ដីនិយាយចេញមក មិនស្មើក្មេងរៀនថ្នាក់ទី១ផង ព្រោះវាឈ្លើយហួសកម្រិត ហួសកម្រិតដែលគាត់បានសិក្សាទៅទៀត។ មនុស្សថ្លៃថ្នូរ ឬថោកទាប ក៏ស្ថិតលើការនិយាយស្ដីដែរ សម្ដីអាចកែប្រែ តម្លៃរបស់អ្នកបានគ្រប់ពេល។
#សម្ដីសជាតិ_មារយាទសពូជ សូមចាំថា ការនិយាយស្ដីរបស់អ្នក ក៏គេអាចដៀលដល់ពូជ ហូរហៀរដល់កូនចៅអ្នកដូចគ្នា៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ