ស្រឡាញ់គេ អត់មានមើលខ្លួនឯងទេអី? អ្នកណាខ្លះធ្លាប់ឮពាក្យនេះ?

ស្រឡាញ់គេមិនចេះប្រមាណខ្លួន មិនចេះឆ្លុះកញ្ចក់មើលខ្លួនឯង គេឡើងស្អាត គេឡើង High គេរៀនបានខ្ពស់ គេកូនអ្នកមាន គេស្អាតដូចតារា ចំណែកឯងវិញ ត្រឹមជាកូនចាបសោះ ហ៊ានទៅលួចស្រឡាញ់គេ ... ទាំងនេះ សុទ្ធតែជាពាក្យដែលខ្ញុំធ្លាប់ឮ មនុស្សជុំវិញខ្លួនតែងតែនិយាយដាក់ខ្ញុំស្ទើរតែរាល់ថ្ងៃ។

ជាការពិត ក៏ព្រោះតែខ្ញុំរូបរាងមិនស្អាត ក៏មិនមែនជាអ្នកលេងខ្លួនទាន់សម័យ មិនចេះតែងខ្លួនឱ្យមើលទៅហំហាន ក៏រៀនមិនបានច្រើន ថែមទាំងមិនមែនជាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភដែរ ចំណែកឯមនុស្សដែលខ្ញុំលួចស្រឡាញ់វិញ គេស្អាត ឆ្លាត ពូកែ ថែមទាំងកូនអ្នកមានទៀត និយាយរួមទៅ យើងដូចនៅឋានពីរផ្សេងគ្នា គេដូចព្រះចន្ទ្រ ចំណែកយើងវិញ បានត្រឹមតែទន្សាយដៃខ្លីរស់នៅលើដី ចាំតែស្រង់ទឹកសន្សើមតែប៉ុណ្ណោះ គឺវាខុសគ្នាឆ្ងាយខ្លាំងណាស់។

70006508_1303354479838273_2577801455087910912_n

ខ្ញុំក៏ដឹងដែរថា យើងមិនអាចទៅរួច ក៏ដឹងថា ខ្ញុំមិនសមនឹងគេ ប៉ុន្តែសួរថា អ្នកណាអាចហាមចិត្តបានទៅ បើទោះជាបានឬមិនបាន ក៏ត្រូវបង្ខំចិត្តឱ្យឈប់ស្រឡាញ់ដែរ។

ស្នេហា ការស្រឡាញ់ បើវាកើតឡើងហើយ វាមិនអាចគិតពីឋានៈ បុណ្យសក្តិ ទ្រព្យធន ឬរូបរាងសម្រស់នោះឡើយ ស្នេហាពិត គិតលើចិត្ត និងបេះដូង ខ្ញុំគ្មានអ្វីពិតមែន តែខ្ញុំមានបេះដូងស្មោះ ខ្ញុំមានក្ដីស្រឡាញ់ពិតប្រាកដ ទោះក្រទ្រព្យ តែក៏មិនក្រចិត្ត ក្រគំនិតដែរ ​...

គ្រាន់តែស្រឡាញ់មនុស្សម្នាក់ ខុសដែរមែនទេ? ខុសព្រោះតែយើងក្រមិនសមនឹងគេ ឬខុសព្រោះតែយើងមិនស្អាតមិនគួរស្រឡាញ់គេ?

និយាយត្រង់ ថាខ្ញុំក៏ធ្លាប់គិត និងសួរខ្លួនឯងដែរ ថាហេតុអ្វីត្រូវខំប្រឹងតាមទាមតោងគេ បើដឹងហើយថា វាមិនអាចនឹងទៅរួច តែខ្ញុំឆ្លើយបានត្រឹមតែថា ខ្ញុំស្រឡាញ់គេពិត ខ្ញុំស្រឡាញ់គេស្មោះ អ្វីក៏ខ្ញុំមិនគិតទាំងអស់ ព្រោះខ្ញុំស្រឡាញ់គេហើយ ហើយក៏មិនបានទៅធ្វើអ្វី បំផ្លាញគេនោះដែរ នេះជាចម្លើយរបស់ខ្ញុំ។

ម្យ៉ាងទៀត ថ្ងៃមុខបែបណាមើលមិនឃើញទេ គេជាមនុស្សល្អ គេក៏អាចនឹងចង់បានមនុស្សល្អ ស្រឡាញ់គេពិត ស្មោះចំពោះគេ ពេលនោះ ក៏អាចជាយើង ជាបេក្ខជនជាប់ចំណាត់ថ្នាក់ ក្ដីសង្ឃឹមនៅតែមាន (រៀនលើកទឹកចិត្តខ្លួនឯងឱ្យតាមស្រឡាញ់គេបន្តទៀត)៕

80556680_2390698124514254_2390286034802835456_n

86853634_178099900157672_4724493682349178880_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ