តើប្រិយមិត្តណាខ្លះ ដែលមានចម្ងល់ថានរណាជាគូអនាគតដែរទេ? ចង់ដឹងថានរណាជាមិត្ត ១០០ ឆ្នាំរបស់អ្នក? តើនិស្ស័យរបស់គេបែបណា? ហើយគេត្រូវមានលក្ខណៈសម្បត្តិបែបណាទើបសមនឹងអ្នក? តោះសាកល្បងរើសបំណែកជិកសដែលអ្នកចាប់អារម្មណ៍មួយទៅ ដើម្បីដឹងពីភិនភាគមិត្ត ១០០ ឆ្នាំរបស់អ្នក ។
បំណែកជិកសទី 1
ឧបនិស្ស័យគូស្នេហ៍ថ្មីដែលអ្នកនឹងជួប គឺជាដៃគូពូកែយកចិត្តយកថ្លើម និងពូកែរ៉ូមែនទិកណាស់ មិនថាអ្នកចង់បានអីឬចង់ញ៉ាំអីទេ សឹងតែហោះទៅរកឲ្យមិនដែលរំលងឡើយ ។ និយាយទៅបើអ្នកជួបម្នាក់នេះដឹងតែសំណាងធំហើយ ព្រោះគេនឹងធ្វើគ្រប់យ៉ាងដើម្បីសេចក្ដីសុខអ្នក ។
ចំណុចគួរប្រយ័ត្ន៖ គេជាមនុស្សឆ្លាតចេះអានចិត្តគំនិតមនុស្ស អ្នកណាចង់កេងចំណេញពីគាត់គឺទៅមិនរួចទេ ។ ត្បិតគេជាមនុស្សរ៉ូមែនទិកមែន តែគេមិនខ្វាក់ភ្នែកដោយសារស្នេហាដែរ គេជាមនុស្សវៃឆ្លាតណាស់ នរណាចង់ទាក់គេដើម្បីដេកចាយដឹងតែមិនងាយទេ ។
បំណែកជិកសទី 2
បុគ្គលិកលក្ខណៈគូស្នេហ៍ថ្មីដែលអ្នកនឹងបានជួប គឺជាប្រភេទមនុស្សរឹងទទឹងឆ្គឹងៗពិបាកយល់ និងមិនចូលចិត្តធ្វើអ្វីដូចអ្នកដទៃទេ លើសពីនេះគេថែមជាមនុស្សមានពិភពឯកជនខ្ពស់ពិបាកចូលក្បែរ តែបើបានដាក់ចិត្តស្រឡាញ់នរណាហើយ ដឹងតែស្រស់ស្ម័គ្រខ្លាំង ធ្វើអ្វីមួយក៏ឲ្យអ្នកទទួលដឹងដោយភាពច្បាស់លាស់ដែរ ។
ចំណុចគួរប្រយ័ត្ន៖ គាត់គឺជាមនុស្សដែលមានជញ្ជាំងបាំងក្រាស់គួរសម ដូច្នេះអ្នកត្រូវតែអត់ធ្មត់ខ្លាំងជាមួយគាត់ ត្រូវចេះផ្តល់ពេលវេលាឱ្យគាត់បន្តិចម្តងៗ កុំព្យាយាមចូលជ្រៀតជ្រែកទីធ្លារបស់គេ បើមិនដូច្នេះទេមនុស្សនោះអាចនឹងរត់គេច និងបិទទំនាក់ទំនងទាំងអស់ ។ នៅពេលទាក់ទងគ្នាសូមកុំបារម្ភថាអ្នកនឹងត្រូវតែជាភាគីព្រមចាញ់ឬអត់ ព្រោះគាត់ជាមនុស្សមានភាពយុត្តិធម៌មិនចេះជាន់ឈ្លីចំណុចខ្សោយដៃគូទេ ។
បំណែកជិកសទី 3
បុគ្គលិកលក្ខណៈនៃដៃគូថ្មីដែលអ្នកនឹងជួបគឺអ្នកជាមនុស្សដែលរឹងរូសហើយមាត់រឹងបំផុត គេមិនចូលចិត្តបង្ហាញក្តីស្រឡាញ់តាមរយៈសម្តីទេ តែគេជាមនុស្សបញ្ជាក់ចិត្តស្រឡាញ់ដោយទង្វើ ជាប្រភេទ Man of action ជាសកម្មភាពច្រើនជាងពាក្យសម្តី ។
ចំណុចគួរប្រយ័ត្ន៖ គាត់មិនសូវពូកែបញ្ចេញអារម្មណ៍ មិនមែនថាខ្មាស់អៀនទេ គាត់មានភាពក្លាហានក្នុងការបង្ហាញ ប៉ុន្តែមិនពូកែពន្យល់ពីអារម្មណ៍ឲ្យគេដឹង។ បើចង់ត្រូវរ៉ូវជាមួយមនុស្សបែបនេះ អ្នកត្រូវបើកចិត្តឲ្យទូលាយត្រូវចេះរក្សាអាថ៌កំបាំងខ្លះ ព្រោះគេមិនឲ្យតម្លៃលើការបើកចំហពេញបណ្តាញសង្គមទេ គេចូលចិត្តប្រភេទ ស្នេហាគឺជារឿងរវាងមនុស្ស ២ នាក់ ម្ល៉ោះហើយត្រូវចេះគិតគូរចំណុចនេះ ។
បំណែកជិកសទី 4
បុគ្គលិកលក្ខណៈនៃគូស្នេហ៍ថ្មីដែលអ្នកនឹងជួបគឺជាមនុស្សមានវិន័យ មានគោលការណ៍ ម៉ឺងម៉ាត់ក្នុងជីវិត ពេលខ្លះសឹងហៅថាជាប្រភេទអភិរក្សនិយម មានការប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់នៃការចូលតាមផ្លូវទៅតាមច្បាប់ ។
ចំណុចគួរប្រយ័ត្ន៖ គេពិតជាមានភាពម៉ឺងម៉ាត់សឹងគ្រប់រឿង ទាំងសកម្មភាពនិងពាក្យសម្តី មិនសូវជាចេះលេងសើចច្រើនប៉ុន្មានទេ រហូតធ្វើឲ្យអ្នកគិតថាគេមិនសូវខ្វល់ពីអ្នក តែអ្នកមិនដឹងទេថាគេមានគម្រោងចង់រស់នៅជាមួយអ្នកអស់មួយជីវិត ប្រសិនបើអ្នកចូលចិត្តទំនាក់ទំនងផ្លេកបន្ទោរ បុគ្គលម្នាក់នេះអាចមិនមែនជាចម្លើយពិតទេ តែបើស្រលាញ់មនុស្សងំងំតែស្រលាញ់បានយូរ ម្នាក់នេះដឹងតែត្រូវម៉ាច់ហើយ ។
បំណែកជិកសទី 5
បុគ្គលិកលក្ខណៈដៃគូថ្មីដែលអ្នកនឹងជួប អាចថាខុសចិត្តបន្តិចហើយ ឧទាហរណ៍បើអ្នកស្រឡាញ់បែបបារាំងៗ និងបានជួបរាងចិនៗ ប្រសិនបើអ្នកចូលចិត្តមនុស្សខ្ពស់ អាចបានជួបអ្នកមានកម្ពស់ប្រហាក់ប្រហែលគ្នា ឬប្រសិនបើអ្នកចូលចិត្តមនុស្សសម្តីផ្អែម អាចនឹងទទួលបានមនុស្សរាងសម្តីអាក្រក់ជាដើម ។
ចំណុចគួរប្រយ័ត្ន៖ បុគ្គលនេះមិនមែនជាប្រភេទដែលអ្នកប៉ងប្រាថ្នាទេ មិនមែនជាប្រភេទជួបភ្លាមស្រលាញ់ភ្លែតដែរ ម្ល៉ោះហើយនៅដើមទីអ្នកប្រហែលជាមិនមានការអត់ធ្មត់ ដូច្នេះបើមិនចង់អាម៉ាស់មុខព្រោះលង់ស្នេហ៍គេនៅថ្ងៃក្រោយ ចូលកុំចេញមុខស្អប់គេខ្លាំងពេក ត្រូវបើកចិត្តឱ្យទូលាយចំពោះភាពខុសគ្នា ។ មនុស្សម្នាក់នេះគេមិនសម្តែងឲ្យអ្នកស្រលាញ់ចរិតក្លែងក្លាយរបស់គេទេ គេនឹងបញ្ចេញចរិតពិតឲ្យអ្នកឃើញតាំងពីដើមទី ម្ល៉ោះហើយបើអ្នកបើកចិត្តទូលាយមើលពីចំណុចល្អៗ ថ្ងៃក្រោយអ្នកច្បាស់ជាមិនឯកោទេ ៕
ប្រភព៖ Knongsrok