ជាទូទៅស្រ្តីដែលមានអាយុហៀរចូលក្រោយ ៣០ ឆ្នាំ រាងកាយនឹងចាប់ផ្តើមចុះអន់ថយនូវការផលិតកូឡាជែន ដើរវាដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសម្រស់ និងជួយឲ្យយើងក្មេងជាងវ័យ។ យ៉ាងណាប្រសិនវាបាត់បង់ ឬមានការថយចុះពេកនោះ សភាពរាងកាយអ្នកនឹងប្រែទៅជាចាស់ជាងវ័យ ជាអ្វីដែលនារីគ្រប់រូបមិនប្រាថ្នាចង់បាននោះឡើយ។
ខាងក្រោម Knongsrok បង្ហាញពីសាច់ ៣ និងផ្លែឈើ ៣ ប្រភេទដែលបងប្អូននារីគួរតែលូកទទួលទានឲ្យបានច្រើន៖
៣) សាច់មាន់
វាមានផ្ទុកអាស៊ីដអាមីណូ ដែលត្រូវការដើម្បីបង្កើតកូឡាជែន។ ជាពិសេសត្រង់ផ្នែកក និងឆ្អឹងខ្ចីមាន់ គឺជាកន្លែងមានផ្ទុកកូឡាជែនច្រើន បន្ថែមពីនេះវាក៏ចូលរួមជួយព្យាបាលជំងឺសន្លាក់ថែមទៀត។
ការទទួលទានសាច់មាន់ ជាទម្លាប់ដែលអ្នកគួរតែធ្វើ ព្រោះវាជួយផ្តល់សារធាតុចិញ្ចឹមដែលស្បែកត្រូវការ ដើម្បីប្រឆាំងនឹងភាពចាស់។ យ៉ាងណាគួរទទួលទាន់សាច់មាន់ស្ងោរ ជាជាងសាច់មាន់បំពង ព្រោះវាមិនមែនជាតិខ្លាញ់នាំឲ្យឡើងទម្ងន់។
២) សាច់ត្រី
សាច់ត្រី Salmon និងត្រីមួយចំនួនផ្សេងទៀតគឺ ចាំបាច់ណាស់សម្រាប់ស្រ្តីក្រោយអាយុ ៣០ ឆ្នាំ ព្រោះវាសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងអូមេហ្គា ៣ ល្អសម្រាប់សុខភាព។
ជាពិសេសផ្នែកនៃស្បែករបស់ត្រី គឺមានកំហាប់ខូឡាជែនខ្ពស់ រីឯផ្នែកក្បាលនិងជើង មានបរិមាណប្រូតេអ៊ីនជួយប្រឆាំងភាពចាស់ជាងវ័យ។ ក្រៅពីនេះក៏មានដូចជាខ្យង អយស្ទ័រ និងអាហារសមុទ្រមួយចំនួនផ្សេងទៀត ដែលអ្នកគួរមានទម្លាប់ទទួលទានផងដែរ។
១) សាច់គោ
សាច់គោជាអាហារសម្បូរជាតិស័ង្កសី ជាសមាសធាតុសំខាន់របស់រាងកាយក្នុងការផលិតខូឡាជែន។ លើសពីនេះវាក៏មានផ្ទុកអាស៊ីដអាមីណូ ដូចជា Glycine, Proline, Hydroxyproline ដែលចូលរួមជួយបង្កើតខូឡាជែនដូចគ្នា។
សាច់គោល្អណាស់ សម្រាប់ស្រ្តីដែលមានសភាពស្លេកស្លាំង ដោយវាជួយពង្រឹងទាំងថាមពលរាងកាយ ផ្តល់ឲ្យសុខភាពល្អ និងការពារដំណើរការចាស់ជាងវ័យ។
៣) ប្រភេទផ្លែឈើជូរ
ដូចជាក្រូចឆ្មារ ក្រូច ក្រូចថ្លុងដែលមានផ្ទុកវីតាមីន C ច្រើន ក៏ដើរតួយ៉ាងសំខាន់ក្នុងការផលិតប្រូខូឡាជែន ហើយក៏ជួយពង្រឹងភាពធន់នៃរាងកាយ កាត់បន្ថយភាពចាស់លើស្បែក។
២) ផ្លែល្ហុង
មានសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែជាច្រើន ដែលជួយដល់សុខភាព។ វាក៏មានវីតាមីន A, E កាល់ស្យូម អង់ស៊ីមជាច្រើន ជួយប្រឆាំងនឹងដំណើរការភាពចាស់នៃស្បែកយ៉ាងមានប្រសិទ្ធភាព។
១) ផ្លែត្របែក
មានផ្ទុកជាតិសរសៃច្រើន វីតាមីន A, C ដែលមានប្រសិទ្ធភាពពង្រឹងប្រព័ន្ធការពាររាងកាយ ប្រឆាំងភាពចាស់ ហើយក៏ផ្តល់នូវជាតិស័ង្កសី ទង់ដែន មានឥទ្ធិពលជួយដល់ដំណើរការផលិតខូឡាជែនក្នុងរាងកាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក