អាពាហ៍ពិពាហ៍នៅក្នុងសង្គមរបស់យើងត្រូវបានសន្មតថា ជាផ្លូវដែលនាំទៅរកសុភមង្គល។ យើងតែងតែឮថា ការរៀបអាពាហ៍ពិពាហ៍ ឬមានដៃគូជីវិត គឺផ្តល់ផលល្អដល់សុខភាព និងមានភាពសប្បាយរីករាយពីសុភមង្គលដែលយើងទទួលបានប្រចាំថ្ងៃ ប៉ុន្តែយើងបានភ្លេច និងរំលងរឿងមួយជ្រុងទៀតដែលមនុស្សមួយភាគធំ គឺរស់នៅក្នុងការលំបាកវេទនា ឈឺចាប់ ទុក្ខសោក និងមិនសប្បាយចិត្តក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។
ប្រសិនបើអ្នកកំពុងពិបាកចិត្តរឿងមិនទាន់រៀបការ ឬមានដៃគូទេ ដូចនេះអ្នកអាចមើលមូលហេតុមួយចំនួនខាងក្រោម ដែលអ្នកប្រហែលជាប្រសើរជាងមិត្តភក្តិរបស់អ្នកដែលរៀបការហើយ។
១. ជីវិតអ្នកនឹងគ្មានការឈឺចាប់ដោយសារតែការឮនូវពាក្យដូចជា គេចង់ចាកចេញពីអ្នកដោយសារគេឈប់ស្រលាញ់អ្នក គេចង់រស់នៅម្នាក់ឯងដោយគ្មានសម្ពាធ ឬនរណាម្នាក់មកត្អូញត្អែរដាក់គេ ហើយអ្នកក៏មិនចាំបាច់ត្រូវទទួលយកអារម្មណ៍ទាំងនោះពីដៃគូជីវិត ហើយពោរពេញនូវក្តីឈឺចាប់នៅព្រឹកបន្ទាប់នៅពេលអ្នកបាត់បង់គេ ឬជួបជីវិតលែងលះ។ ជីវិតអ្នកនឹងគ្មានអ្វីច្រើនដែលត្រូវបាត់បង់នោះទេ ព្រោះតែអ្នកមិនបានចែករំលែកវាជាមួយដៃគូស្នេហា។
២. អ្នកនឹងសម្រេចភារកិច្ច និងការងារបានច្រើនជាងមុន និងល្អប្រសើរ ដោយសារតែអ្នកមិនបានរវល់ មិនបានខ្វល់ខ្វាយច្រើន និងឈឺចាប់ច្រើន និងមានបន្ទុកការងារច្រើនយ៉ាងដូចទៅមនុស្សដែលរៀបការរួច។ អ្នកនៅលីវនឹងមានការប្តេជ្ញា និងខំប្រឹងប្រែងលើវិស័យជំនួញ ឬការងារបានខ្ពស់ជាងមុន។
៣. អ្នកនឹងមានសុខភាពល្អជាងអ្នកដែលធ្លាប់មានកូន និងមានគ្រួសារ ដោយសារសុខភាពជាច្រើនយ៉ាងដូចជាការបង្កកំណើត ការរងសម្ពាធផ្សេងៗ ការមានវិបត្តិផ្សេងនៅក្នុងគ្រួសារ។
៤. អ្នកមានសិទ្ធិសេរីភាពច្រើន ព្រោះអ្នកក៏មិនត្រូវខ្វល់ខ្វាយ បារម្ភអំពីគំនិតរបស់ដៃគូ ខុសទំនង ឬមានអ្វីជាចំណងរឹតត្បឹតអ្នក។ អ្នកអាចចំណាយពេលវេលាជាច្រើនបង្កើនធនធានរបស់អ្នក និងផ្តល់ជីវិតដ៏ល្អបំផុតជូនខ្លួនអ្នកដោយសម្រេចនូវក្តីសុបិន បង្កើតអាជីពឱ្យបានជោគជ័យ។
៥. រាល់អាពាហ៍ពិពាហ៍មិនមែនមានន័យថា អ្នកនឹងសប្បាយចិត្តនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមិនទាន់រៀបការ ដូចនេះអ្នកនឹងសប្បាយចិត្តច្រើន ព្រោះនឹងគ្មានទុក្ខកង្វល់ ឬបារម្ភច្រើន អំពី បន្ទុកយ៉ាងច្រើននៅក្នុងគ្រួសារ ប្តី ឬប្រពន្ធរបស់អ្ននមានអ្នកថ្មី ខ្លាចនៃការលែងលះ ឬដោយសារចំណងកូនត្រូវប្រឹងទ្រាំដើម្បីបន្តជីវិតអាពាហ៍ពិពាហ៍ដោយគ្មានសុភមង្គលនេះ។
៦. អ្នកដែលនៅលីវ អាចរក្សាចំណងរឹងមាំជាមួយមនុស្សផ្សេងទៀតដូចជា សមាជិកគ្រួសារ និងមិត្តភក្តិ។ ប្រាកដណាស់អ្នកអាចនឹងភ័យខ្លាចនៅពេលអ្នកកាន់តែចាស់ ប៉ុន្តែបុគ្គលដែលរៀបការរួចគេក៏មានភាពភ័យខ្លាចរបស់ពួកគេ។ ដូច្នេះត្រូវប្រកាន់ខ្ជាប់នូវអ្វីដែលធ្វើឱ្យអ្នករីករាយ។
ការរៀបអាពាហ៍ពិពាហ៍មិនមែនជាកត្តាតែមួយដែលនាំឱ្យយើងមានសុភមង្គលនោះទេ។ រៀបការ ឬមិនទាន់រៀបការមិនមែនជាផ្នែកដ៏សំខាន់ដែលយើងគិតមុនគេនោះទេ តែភាពរីករាយ និងសេចក្តីសុខផ្លូវចិត្ត និងសុភមង្គលគួរតែជារឿងដែលមនុស្សគ្រប់គ្នាឱ្យតម្លៃវាមុនគេ និងបំពេញដោយខ្លួនឯង នោះជីវិតមនុស្សម្នាក់ៗនឹងរស់ដោយការពេញលេញ មានអត្ថន័យ និងសុភមង្គលបរិបូណ៍៕
អត្ថបទ ៖ Mythical Team / ក្នុងស្រុករក្សាសិទ្ធិ