មានពេលខ្លះ មនុស្សស្រីចូលចិត្តនិយាយពាក្យ “ផ្ទុយ” ប៉ុន្តែតាមពិតទៅតម្រូវការជាក់ស្តែងរបស់នាង នឹងសម្ដីដែលនាងនិយាយចេញពីមាត់ គឺអាចនឹងផ្ទុយស្រឡះពីគ្នា។
ឧទាហរណ៍ក្រោមនេះ មនុស្សស្រីនិយាយថា “មិនចាំបាច់ទេ” គឺបានន័យថា ត្រូវការហើយ ដូច្នេះសូមសុភាពបុរសទាំងឡាយកុំយល់ច្រលំឱ្យសោះ។
ធារីនាងបានរអ៊ូរទាំអំពីមិត្តប្រុសរបស់នាងថា ពិតជាមនុស្សដែលមិនចេះរ៉ូមែនទិកសោះ ពេលនេះនាងកំពុងតែពិចារណាថា គួរបន្តចំណងស្នេហានេះឬក៏អត់ មិត្តប្រុសនាងមិនសូវពូកែនិយាយ ពិតជាធ្វើឱ្យនាងមានភាពហត់នឿយក្នុងទំនាក់ទំនងនេះខ្លាំងណាស់ នៅជាមួយមនុស្សប្រុសម្នាក់ដែលមិនយល់ពីនាង ធ្វើឱ្យនាងយល់ថាគ្មានន័យអ្វីសោះ ព្រោះគ្មានពាក្យសម្ដីណាដែលអាចនិយាយចូលគ្នាបាន។
ធារីបាននិយាយថា មានម្តងនោះ មិត្តប្រុសនាងបានសួរនាងថា ចង់ធ្វើខួបកំណើតរបៀបម៉េចដែរ? ធារីយល់ថាមានអ្នកណាមកសួរសាមីខ្លួនថាធ្វើខួបកំណើតបែបណានោះ នាងអន់ចិត្តរួចក៏និយាយថា ធ្វើខួបកំណើតអ្វី មិនបាច់ធ្វើទេ។
មិត្តប្រុសនាងពេលនោះគ្មាននិយាយអ្វីទាំងអស់ ធារីស្មានថាមិត្តប្រុសខ្លួនអាចធ្វើរឿងភ្ញាក់ផ្អើលក្នុងពិធីខួបកំណើតរបស់នាង នៅក្នុងចិត្តនាងទន្ទឹមរង់ចាំជាខ្លាំង។ រហូតដល់ថ្ងៃខួបកំណើតរបស់នាង ធារីត្រលប់មកផ្ទះពោរពេញដោយក្តីសង្ឃឹម ពេលបើកទ្វាអ្វីក៏គ្មាន មិត្តប្រុសនាងអង្គុយនៅលើសាឡុងមើលទូរទស្សន៍ ឃើញនាងត្រលប់មកវិញ ហើយក៏សួរនាងថា ពេលយប់នេះចង់ញុំាអ្វី? ធារីខឹងខ្លាំងណាស់ បន្ទាប់មកក៏បានចេញទៅខាងក្រៅបាត់ទៅ។
នាងដើរតាមផ្លូវតែម្នាក់ឯង ហូរទឹកភ្នែកមិនឈប់ យល់ថាមនុស្សប្រុសម្នាក់នេះ តើមានខ្វល់ខ្វាយពីនាងឬអត់? បន្ទាប់ពីរឿងនេះហើយ ធារីបានសុំបែកគ្នា មិត្តប្រុសនាងឡើងស្រឡាំងកាំង មិនដឹងថាខ្លួនគេបានធ្វើអ្វីខុសទេ ថ្ងៃខួបកំណើត គឺនាងខ្លួនឯងនិយាយថាមិនបាច់ធ្វើ ម៉េចនឹងអាចព្រោះតែរឿងតូចតាចបែបនេះសុំបែបគ្នានោះ។
អ្វីដែលធារីខ្វល់ខ្វាយនោះ ពិតជាដោយសារតែមិត្តប្រុសនាងមិនបានធ្វើខួបកំណើតឱ្យនាង តើមែនទេ? តាមពិតទៅមិនមែនទេ អ្វីដែលនាងខ្វល់នោះ តើមនុស្សប្រុសម្នាក់នេះមានទុកនាងក្នុងចិត្ត និងខ្វល់ខ្វាយពីនាងឬអត់? ប៉ុន្តែមនុស្សប្រុសជាច្រើនពិតជាមិនយល់ពីគំនិតរបស់មនុស្សស្រីឡើយ គឺតែងតែយល់ថាឱ្យតែមនុស្សស្រីនិយាយថា មិនចាំបាច់ គឺពិតជាមិនចាំបាច់ពិតមែនហើយ។
នៅក្នុងរឿងជាច្រើន មនុស្សស្រីនិយាយថា “មិនបាច់ទេ” សុទ្ធតែបង្កប់ន័យយ៉ាងជ្រៅ ឬក៏បង្ហាញដោយសម្ងាត់អំពីរឿងអ្វីមួយទៅកាន់មនុស្សប្រុស ឬក៏ចង់សាកល្បងចិត្តរបស់មនុស្សប្រុស ។
ចំណែកឯងមនុស្សប្រុសវិញ តែងតែយល់ថាពាក្យដែលពួកនាងនិយាយថា “មិនចាំបាច់ទេ” គឺជាអ្វីដែលពួកនាងបានគិត តាមពិតទៅ កុំយល់ថាគឺជារឿងដែលងាយស្រួលបែបនេះឱ្យសោះ ព្រោះនេះអាចបណ្តាលឱ្យមនុស្សស្រីខឹង និងអស់សង្ឃឹមយ៉ាងខ្លាំងចំពោះរូបអ្នក។
ប៉ុន្តែ នៅក្នុងលោកនេះ មានមនុស្សប្រុសប៉ុន្មាននាក់ដែលមានEQខ្ពស់ទៅ? ហើយក៏មានមនុស្សប្រុសដែលមានEQខ្ពស់បានបោកប្រាស់មនុស្សស្រីឡើងវិលក៏មានដែរ ព្រោះពួកគេបានយល់ពីគំនិតរបស់មនុស្សស្រីយ៉ាងច្បាស់ ដូច្នេះតែងតែឆ្លៀតឱកាសមកទាញយកផលប្រយោជន៍ ផ្គាប់ចិត្តនាង ហើយទង្វើដែលពួកគេធ្វើឱ្យអ្នករំភើប មិនប្រាកដថាធ្វើចេញពីចិត្តនោះឡើយ។
ចំពោះរឿងបែបនេះ មនុស្សស្រីនឹងមានភាពវង្វេងវង្វាន់ មិនត្រឹមតែចង់បានចិត្តស្មោះរបស់មនុស្សប្រុសទេ ថែមទាំងចង់ឱ្យមនុស្សប្រុសយល់ពីចិត្តរបស់នាងទៀត ប៉ុន្តែគ្មានរឿងល្អបែបនេះកើតឡើងស្របពេលគ្នានោះឡើយ។
ជួបនឹងបញ្ហាបែបនេះ នៅតែលើកទឹកចិត្តសុភាពនារីទាំងឡាយ ពេលដែលមានគំនិតចង់បានអ្វីមួយសូមនិយយដោយត្រង់ៗតែម្តងទៅ និយាយបត់បែនចុះឡើង មិនត្រឹមតែខ្លួនឯងហត់ទេ មិត្តប្រុសខ្លួនក៏ហត់ដែរ មិត្តប្រុសទាយមិនត្រូវពីចិត្តរបស់អ្នក អ្នកពិបាកចិត្តឈឺចាប់ ដើម្បីតែរឿងតូចតាចធ្វើឱ្យរបួសដល់មនោសញ្ចេតនា តែបើនិយាយចេញមក ម្នាក់ៗសុទ្ធតែសប្បាយចិត្ត ទំនាក់ទំនងកាន់តែមានភាពធូរស្រាល និងរីករាយ។
ប្រាកដណាស់ មនុស្សប្រុសក៏ត្រូវរៀនចេះស្វែងយល់ពីចិត្តរបស់មនុស្សស្រីផង ត្រូវដឹងថា គ្រប់ពេលមនុស្សស្រីសុទ្ធតែត្រូវការការលួងលោម ការយល់ចិត្ត និងយកចិត្តទុកដាក់ពីអ្នកជាពិសេស៕
អត្ថបទ ៖ Mythical Bird/Knongsrok