នៅពេលដែលអ្នកអាចយល់ពីខ្លួនឯងច្បាស់ រៀនចេះស្ទាត់នូវរឿងទាំង ២ នេះ ច្បាស់ណាស់ថា អ្នកនឹងអាចកែប្រែផ្លាស់ប្ដូរខ្សែវាសនាអនាគតរបស់អ្នកកាន់តែល្អប្រសើរ ទោះពេលនេះក្រលំបាកយ៉ាងណាក័ដោយ ក៏អាចឡើងខ្ពស់មានបានស្ដុកស្ដម្ភ សល់ទ្រព្យរស់ស្រួលពេលចាស់ទៅ។
១. រៀនទុកចោល កុំមើលពិភពលោកជាមួយវ៉ែនតាខ្មៅ ៖ ពេលបរាជ័យក្នុងអាជីពការងារ ពេលបរាជ័យក្នុងស្នេហា ពេលត្រូវអ្នកដទៃសើចចំអក មាក់ងាយ តើអ្នកត្អូញត្អែរពីភាពអយុត្តិធម៌មែនទេ? ច្បាស់ណាស់ថា អ្នកខំប្រឹងតែនៅតែបរាជ័យ អ្នកបានផ្តល់ក្តីស្រលាញ់ទាំងអស់ទៅឱ្យគេ តែគ្មានស្នេហាពិតប្រាកដ វាច្បាស់ណាស់ថាអ្នកបានចាត់ទុកគេជាមិត្ត ប៉ុន្តែគេបែរជាលួចចាក់អ្នកពីក្រោយខ្នង។ ចិត្តតិះដៀលកើតឡើងដោយធម្មជាតិ អ្នកសម្លឹងមើលពិភពលោកដោយកញ្ចក់វ៉ែនតាខ្មៅ ដែលមើលអ្វីក៏ឃោះតែពណ៌ខ្មៅ គ្មានពន្លឺ។
តាំងពីពេលនោះមក គ្មានអ្នកណាអាចចូលក្នុងបេះដូងអ្នកបាន គ្មានពាក្យណាអាចជឿថាជីវិតនេះនៅតែមានស្នេហា នៅតែមានចិត្តសប្បុរសពិត និងគ្មានអ្នកណាឱ្យអ្នកទុកចិត្តបានឡើយ។ នោះហើយជាជីវិត អ្នកកាន់តែឈ្លក់វង្វេងនឹងរឿងមួយ កាន់តែជាប់គាំង កាន់តែតានតឹង អ្នកកាន់តែអស់សង្ឃឹម និងមិនអាចគ្រប់គ្រងខ្លួនឯងបានទេ។ រៀនបោះបង់ពាក្យត្អូញត្អែរ ហើយប្រឈមមុខនឹងអ្វីៗទាំងអស់ដោយស្នាមញញឹម នោះជីវិតរបស់អ្នកនឹងផ្លាស់ប្តូរ។
២. រៀនបោះបង់ កុំបង្ខំ ៖ មានគេនិយាយថា ស្នេហាតែងតែមានការបែកបាក់ ក្នុងជីវិតវាកើតឡើងបែបនេះឯង។ ជ្រើសរើសបោះបង់ចោលដោយស្នាមញញឹមសុទិដ្ឋិនិយម និងគំនិតទន់ភ្លន់។ នោះជាកម្លាំងខ្លាំងបំផុត មិនថាការងារ ឬស្នេហា ពេលវាមិនមែនជារបស់អ្នកទេ កុំបង្ខំអី។ រៀនដោះលែងកុំបង្ខំ កុំរំពឹងខ្លាំងពេក កាន់តែរំពឹង នោះអ្នកនឹងកាន់តែខកចិត្ត។ ប្រហែលជាអ្នកបានចំណាយក្តីស្រលាញ់ និងអនុស្សាវរីយ៍ទាំងអស់ក្នុងជីវិតរបស់អ្នកសម្រាប់នរណាម្នាក់ ទាំងថ្ងៃទាំងយប់ គ្រប់ជ្រុងផ្លូវដែលអ្នកឆ្លងកាត់មានរូបភាពរបស់គេ។
ប៉ុន្តែបន្ទាប់មកយ៉ាងម៉េចទៀត? អ្វីដែលបានកើតឡើងមិនអាចផ្លាស់ប្តូរបានទេ។ បើមិនព្រមចោលទេ បេះដូងអ្នកនឹងរងទុក្ខបែបនេះជារៀងរហូត។ រៀនញញឹមឱ្យបានច្រើន ជីវិតនឹងលែងមានឧបសគ្គទៀតហើយ។ ក្នុងជីវិតនេះគ្មានថ្ងៃណាដែលល្អរហូតឡើយ។ មិនមានពេលវេលារីករាយគ្រប់ពេលទេ។ កុំបារម្ភខ្លាចភ្លៀងធ្លាក់ភ្លាមៗ មិនមែនអ្នកតែម្នាក់ដែលសើមនោះទេ។ យើងគួរតែរៀនបោះបង់ចោល ហើយដឹងគុណចំពោះអ្វីគ្រប់យ៉ាងដែលបានបាត់បង់ទៅ ត្រូវទទួលស្គាល់ការពិត ទើបជីវិតបានធូរស្រាល គ្មានសម្ពាធ គ្មានអ្វីអាចមកគាបសង្គត់ផ្លូវចិត្តអ្នកបានឡើយ៕