ដុំ ឬ ដុំពកនៅក គឺជាសញ្ញាព្រមាននៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ជារឿយៗដុំពកនេះមិនមានការឈឺចាប់នោះទេ ជាពិសេសនៅតំបន់ទីរ៉ូអ៊ីត។ ដុំសាច់នេះអាចលេចឡើងភ្លាមៗ និងបង្កើនទំហំតាមពេលវេលា ជាពិសេសវាក៏អាចលេចឡើងជាមួយនឹងសញ្ញាមួយចំនួនផងដែរ ដូច្នេះបើអ្នកសង្កេតឃើញថាខ្លួនលេចមានសញ្ញាខាងក្រោមនេះឡើង សូមប្រញាប់ទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត ឬ អ្នកឯកទេសផ្នែកនេះ៖
១.ពិបាកលេបទឹកមាត់ ឬ ដកដង្ហើម៖ ប្រសិនបើអ្នកស្រាប់តែមានអារម្មណ៍ថប់ ពិបាកលេបទឹកមាត់ ឬ ដកដង្ហើម អ្នកគួរតែយកចិត្តទុកដាក់ និងមិនគួរព្រងើយកន្តើយនឹងរោគសញ្ញានេះទេ។ ក្រពេញទីរ៉ូអ៊ីតរីកធំអាចសង្កត់លើបំពង់អាហារ (បំពង់ដែលដឹកអាហារពីមាត់ទៅក្រពះ)។
សម្ពាធនេះធ្វើឱ្យពិបាកលេប ឬ មិនស្រួល ជាពិសេសអាហារធំៗ។ ប្រសិនបើស្ថានភាពនេះនៅតែបន្តកើតមាន អ្នកគួរតែទៅជួបគ្រូពេទ្យភ្លាមៗ ដើម្បីពិនិត្យរកមើលមូលហេតុឱ្យបានច្បាស់លាស់។
២.ភាពស្អក ឬ ការផ្លាស់ប្តូរសំឡេង៖ ប្រសិនបើដុំសាច់ក្រពេញទីរ៉ូអ៊ីតប៉ះពាល់ដល់សរសៃប្រសាទដែលគ្រប់គ្រងខ្សែសំលេង អ្នកជំងឺអាចជួបប្រទះស្អក ឬ ការផ្លាស់ប្តូរផ្សេងទៀតនៅក្នុងសម្លេងធម្មតារបស់ពួកគេ។
ការផ្លាស់ប្តូរទាំងនេះអាចកាន់តែគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយ ជាពិសេសនៅពេលដែលមហារីកនៅជិតខ្សែសំលេង ឬនៅពេលដែលដុំសាច់ដុះកាន់តែធំ។
៣.ដុំសាច់ដុះលឿន៖ ដុំសាច់សាហាវនឹងលូតលាស់យ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យពកក និងករីកធំ អាចមើលឃើញយ៉ាងច្បាស់ដោយភ្នែកទទេ។
៤.ឈឺកដោយមិនស្គាល់ប្រភពដើម៖ ការឈឺបំពង់កក៏ជារោគសញ្ញាព្រមានមួយនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតផងដែរ។
ប្រសិនបើអ្នកជួបប្រទះការឈឺចាប់ជាប្រចាំនៅក ឬ បំពង់ករបស់អ្នក ជាពិសេសប្រសិនបើវាមិនទាក់ទងនឹងជំងឺផ្តាសាយ ឬ ជំងឺទូទៅផ្សេងទៀត វាអាចជាសញ្ញានៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។ នៅពេលដែលមហារីករីករាលដាល ការឈឺចាប់កាន់តែខ្លាំង និងកាន់តែច្បាស់។
៥.កូនកណ្តុរហើម៖ ក្រពេញទីរ៉ូអ៊ីតមានទីតាំងនៅខាងក្រោមអ័ដាមនៅផ្នែកខាងមុខនៃក។ ប្រសិនបើក្រពេញទីរ៉ូអ៊ីតរីកធំដោយសារជំងឺមហារីក វាអាចបណ្តាលឱ្យមានការហើមគួរឱ្យកត់សម្គាល់នៅតំបន់ក។ ការហើមនេះអាចមើលឃើញ និងបង្កឱ្យមានភាពមិនស្រួលដល់អ្នកជំងឺ។ កូនកណ្តុរហើមនៅជិតក្រពេញទីរ៉ូអ៊ីតអាចជាសញ្ញានៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែលបានរាលដាលដល់ជាលិកាជុំវិញ។
៦.បញ្ហាផ្លូវដង្ហើម៖ នៅពេលដែលទទួលរងនូវជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ផ្លូវដង្ហើមនឹងត្រូវបានស្ទះ អ្នកជំងឺនឹងមានអារម្មណ៍ដកដង្ហើមខ្លី អស់កម្លាំង និងត្រូវធ្វើការខ្លាំងជាងធម្មតា។
៧.ក្អករ៉ាំរ៉ៃ៖ ការក្អករ៉ាំរ៉ៃដែលមិនបាត់ ហើយមិនទាក់ទងនឹងជំងឺផ្តាសាយទូទៅ ឬ ការឆ្លងមេរោគអាចជារោគសញ្ញានៃមហារីកទីរ៉ូអ៊ីត។ ការក្អកជាប់រហូតនេះ ដែលអាចនឹងមិនផលិតទឹករំអិល អាចទាក់ទងនឹងការរលាកដែលបណ្តាលមកពីដុំសាច់ទីរ៉ូអ៊ីតដែលកំពុងលូតលាស់សង្កត់លើរចនាសម្ព័ន្ធក្បែរៗនោះ រួមទាំងបំពង់ខ្យល់ផងដែរ។
ប្រសិនបើមនុស្សម្នាក់មានប្រវត្តិគ្រួសារមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ឬ ជំងឺហ្សែនដូចជារោគសញ្ញា MEN2 ហានិភ័យគឺខ្ពស់ជាង ហើយគួរតែត្រូវបានពិនិត្យឱ្យបានទៀងទាត់៕