ពីមួយថ្ងៃទៅមួយថ្ងៃ វ័យយើងក៏កាន់តែកើនឡើង កាន់តែចាស់ផងដែរ យ៉ាងណាមិញ យើងត្រូវតែរស់នៅក្នុងជីវិតឱ្យបានល្អ ជាមួយនឹងទម្លាប់ដែលអាចជួយនាំយកលាភសំណាងដល់ដួងរាសីរបស់យើង។ ដូច្នេះហើយ ត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួនជាមួយនឹងទម្លាប់ និងវិន័យដ៏ល្អទាំង ៦ ចំណុចនេះ។
១. ញញឹមឱ្យបានច្រើន
មិនថាល្អ ឬអាក្រក់ បរាជ័យ ឬជោគជ័យ ទុក្ខ ឬរីករាយ គឺសុទ្ធតែមិនឋិតថេរយូរអង្វែងឡើយ។ យ៉ាងណាក៏ដោយក្នុងឆ្នាំថ្មីនេះ យើងក៏នឹងមានរូបរាងថ្មី បំភ្លេចអតីតកាល សម្លឹងទៅអនាគត និងស្វាគមន៍រាល់ថ្ងៃដោយស្នាមញញឹម។ ស្នាមញញឹមនឹងនាំមកនូវអារម្មណ៍ល្អៗ និងកក់ក្តៅដល់មនុស្សគ្រប់គ្នា។ អារម្មណ៍ល្អ គឺជាអារម្មណ៍ឆ្លង ដែលអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានយ៉ាងឆាប់រហ័ស។ ពេលអ្នកសប្បាយចិត្ត មនុស្សជុំវិញខ្លួនអ្នកក៏សប្បាយចិត្តដែរ។ នៅពេលដែលមនុស្សគ្រប់គ្នាសប្បាយចិត្ត ជីវិតក៏កាន់តែប្រសើរឡើង។
២. ឈប់ត្អូញត្អែរ
ការត្អូញត្អែរគឺជាប្រភពនៃថាមពលអវិជ្ជមាន គ្មានន័យអ្វីទាល់តែសោះ។ សង្ឃឹមថាក្នុងឆ្នាំថ្មីនេះសូមបំបាត់ទម្លាប់អាក្រក់ទាំងនេះទាំងអស់គ្នា។ ក្នុងជីវិតនេះមានរឿង ១០ មាន ៩ រឿងហើយដែលមិនដូចការរំពឹងទុករបស់យើង។ គ្មាននរណាម្នាក់អាចរស់នៅក្នុងជីវិតជិះទូកបានរលូនគ្រប់ពេលនោះឡើយ។ ដូច្នេះហើយយើងគួរតែរៀនទទួលយកដោយស្ងប់ស្ងាត់។
៣. រៀនអត់ឱន
មនុស្សម្នាក់ៗមានគោលជំហរ និងទស្សនៈខុសៗគ្នា មនុស្សម្នាក់ៗមានចំណេះដឹង និងការយល់ឃើញមិនដូចគ្នាទេ ដូច្នេះហើយ របៀបនៃការសម្លឹងមើលបញ្ហា និងការដោះស្រាយបញ្ហារបស់មនុស្សម្នាក់ៗក៏ខុសគ្នាដែរ។ យើងត្រូវចេះអត់ឱនចំពោះអ្នកដទៃ ដើម្បីអាចអត់ឱនចំពោះការយល់ឃើញ និងទស្សនៈខុសពីខ្លួនយើង។
យើងមិនអាចបង្ខំអ្នកដទៃឱ្យយល់ព្រមជាមួយយើងទេ ព្រោះខ្លួនយើងប្រហែលជាមិនមែនត្រូវគ្រប់រឿងទេ។ បើទោះជាយើងគិតថាវាត្រឹមត្រូវនៅពេលនោះក៏ដោយ បើក្រឡេកមើលទៅក្រោយប៉ុន្មានឆ្នាំទៀតវាអាចនឹងខុសក៏ថាបាន។ ចក្រវាឡគឺធំទូលាយ និងពោរពេញដោយអព្ភូតហេតុ សកលលោកប្រៀបដូចជាសត្វដំរី ប៉ុន្តែយើងគ្រាន់តែជាមនុស្សខ្វាក់ប៉ះដំរីតែប៉ុណ្ណោះ។
៤. កោតសរសើរ
មនុស្សម្នាក់ៗសុទ្ធតែមានចំណុចខ្លាំង និងចំណុចល្អរៀងៗខ្លួន។ ដូច្នេះហើយ យើងគួរតែមើលចំណុចខ្លាំង និងចំណុចល្អរបស់អ្នកដទៃឱ្យបានច្រើន ជាជាងផ្តោតលើចំណុចខ្វះខាត និងចំណុចមិនល្អរបស់ខ្លួន។ លុះត្រាតែយើងទទួលស្គាល់ និងដឹងគុណអ្នកដទៃ ទើបយើងអាចរៀនអ្វីៗជាច្រើនពីពួកគេ បង្កើន និងសម្រេចបានដោយខ្លួនឯង។
៥. សាងអំពើល្អ
សេចក្តីសប្បុរស គឺជាធម្មជាតិរបស់មនុស្ស ហើយក៏ជាទម្រង់នៃពរជ័យផងដែរ។ ដោយសារតែនៅក្រោមការល្បួងនៃបំណងប្រាថ្នាគ្រប់ប្រភេទនៅក្នុងសង្គម បំណងល្អរបស់មនុស្សជាច្រើនត្រូវបានបិទបាំង។
ដូច្នេះហើយ អ្នកដែលអាចរក្សាចិត្តបរិសុទ្ធ និងចិត្តល្អក្នុងបរិយាកាសបែបនេះ គឺជាមនុស្សដែលមានពរជ័យដ៏អស្ចារ្យ។ បើគ្រួសារមួយប្រមូលអំពើល្អ នោះគេប្រាកដជាមានតែរឿងល្អៗចូលមក។ អ្នកនឹងមិនត្រឹមតែទទួលបានរង្វាន់ល្អប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងអាចទុកដំណឹងល្អសម្រាប់កូនៗ និងចៅៗរបស់អ្នកផងដែរ។
៦. ដឹងគុណ
មនុស្សយើងម្នាក់ៗ មិនថាអ្នកមាន ឬក្រនោះទេ នៅពេលដែលយើងមកលើលោកនេះដំបូង គឺកើតមកទទេរ មិនមានអ្វីមកជាមួយយើងឡើយ។ ពីអាហារ ភេសជ្ជៈ សម្លៀកបំពាក់ ទីជម្រក ទាំងអស់ត្រូវបានផ្តល់ដោយធម្មជាតិ និងអ្នកដទៃ។ ស្រមៃមើលប្រសិនបើគ្មានព្រះអាទិត្យ ខ្យល់ ទឹក សត្វ រុក្ខជាតិ ក៏ដូចជាឪពុកម្តាយ តើយើងអាចរស់ដោយឯករាជ្យនៅលើផែនដីនេះដោយរបៀបណា? ដូច្នេះ យើងទាំងអស់គ្នាត្រូវរស់នៅដោយដឹងគុណ។ មនុស្សដែលចេះដឹងគុណនឹងនាំមកនូវតែពរជ័យ លាភសំណាងមិនចេះរីងស្ងួត៕