ផ្លូវដែលខ្លួនបានជ្រើសរើស ទោះជាដល់ដំណាក់កាលចុងក្រោយទ្រាំមិនបាន ក៏ត្រូវតែទ្រាំឱ្យបានដែរ និងត្រូវញញឹមដោយមានអំនួត ហើយដើរឱ្យដល់ចំណុចបញ្ចប់របស់វា។ ហេតុអ្វីបានជាលើកទឹកចិត្តអ្នកបែបនេះ?
ព្រោះថាមានបុគ្គលជាច្រើនដែលជាឧទាហរណ៍ជាក់ស្តែងឱ្យយើងបានឃើញ ដូចជា៖ លោក ថូម៉ាស់ អេឌីសុន Thomas Edison និងមហាសេដ្ឋីជាច្រើនរូបក្នុងទស្សវត្សទី២១នេះ។ ពួកគេសុទ្ធតែដើរតាមអ្វីដែលពួកគេបានជ្រើសរើស ទោះជាក្នុងដំណើរផ្លូវនោះ ពួកគេបានបរាជ័យរាប់មិនអស់ក៏ដោយ ក៏ពួកគេប្រើចិត្តតស៊ូ និងចិត្តសុទិដ្ឋិនិយមមកប្រឈមមុខនឹងឧបសគ្គទាំងនោះដែរ។
អ្នកត្រូវចាំថា ផ្លូវគឺខ្លួនអ្នកជាអ្នកជ្រើសរើស ទោះជាស្តាយក្រោយយ៉ាងណា ក៏ត្រូវបៀមលាក់ទុកដែរ។
ទោះជាដំណើរផ្លូវដែលខ្លួនបានឆ្លងកាត់ពិបាកយ៉ាងណា ទោះជាមិនទទួលបានផ្លែផ្កាអ្វីមែនពិត តែត្រូវប្រាប់ខ្លួនឯងថា យ៉ាងហោចណាស់ខ្ញុំក៏បានរៀនសូត្រមេរៀននៅក្នុងនោះដែរ ។
ឧបសគ្គនៅក្នុងជីវិតរបស់យើង វាបានផ្តួលយើងក៏ពិតមែន តែក៏ត្រូវមើលថាយើងជ្រើសរើសក្រោកឈរឡើង ឬក៏អង្គុយសំកុកនៅទីនោះ ឬអាចបោះបង់វាចោល។ ប៉ុន្តែមុននឹងអ្នកគិតចង់បោះបង់វា សូមអ្នកគិតផងថា ហេតុអ្វីកាលពីគ្រាដំបូងអ្នកអាចតស៊ូដើរបានដល់ចំណុចមួយនេះ។
ពេលដែលជ្រើសរើសហើយមានតែបន្តតស៊ូប៉ុណ្ណោះ ចូលកុំស្តាយក្រោយអី ដើរបន្តទៅមុខទៀតទៅ។ ដើរយូរៗទៅក៏ដល់ ធ្វើយូរៗទៅក៏ស្ទាត់ជំនាញដោយមិនដឹងខ្លួន។ ប៉ុន្តែ បើជ្រើសរើសហើយ មិនដើរវិញនោះ ច្បាស់ណាស់ប្រាកដជាស្តាយក្រោយ។ ព្រោះអ្នកមិនបានដឹងថាបានខំប្រឹងប្រែងនោះមានរូបរាងយ៉ាងណានោះទេ ជួនកាលអាចជាផ្លែផ្កាល្អដែលអ្នកនឹកស្មានមិនដល់ក៏ថាបាន។
ត្រូវជឿជាក់យ៉ាងមុតមាំចំពោះការជ្រើសរើសរបស់ខ្លួន កុំរេរា ហើយប្រឹងប្រែងឆ្ពោះទៅមុខ ស្អែកនឹងកាន់តែល្អជាមិនខាន។ ត្រូវកំណត់ឱ្យច្បាស់ពីផ្លូវមួយនេះ ទោះជាឈឺចាប់យ៉ាងណាក៏កុំជ្រួញចិញ្ចើម ត្រូវទន្ទេញប្រាប់ខ្លួនឱ្យឮៗថា ផ្លូវលំបាកយ៉ាងណាក៏សុទ្ធតែខ្លួនឯងជារើសដែរ ខ្លួនគ្មានសិទ្ធស្រែកត្អួញត្អែរយំសោកបោកខ្លួនឡើយ។
ផ្លូវដែលអ្នកជ្រើសរើសហើយដាច់ខាតត្រូវតែបន្តដើរតទៅទៀត ផ្លូវលំបាកយ៉ាងណា មិនត្រូវត្អូញឡើយ ដាច់ខាតកុំស្តាយក្រោយចំពោះផ្លូវដែលខ្លួនបានជ្រើសរើសឱ្យសោះ មិនថាជាអតីតកាល បច្ចុប្បន្នកាល ឬក៏ជាអនាគតនោះទេ៕
អត្ថបទ ៖ Mythical Bird / Knongsrok