ជាការពិត តាំងតែពីយូរណាស់មកហើយ វិទ្យាសាស្រ្តបានស្វែងរកឃើញ ពីកត្តាតំណពូជ ក៏ជាផ្នែកមួយយ៉ាងធំ នៅក្នុងការកំណត់ចរិតលក្ខណៈ របស់មនុស្សជាតិ ពីជំនាន់មួយទៅជំនាន់មួយទៀតដែរ តាមរយៈប្រភេទនៃសាច់ឈាម ឬគ្រួសាររបស់ពួកគេម្នាក់ៗ។
តែក្នុងនោះដែរ នាពេលដែលវិទ្យាសាស្រ្ត កាន់តែទំនើប មនុស្សជាតិ ក៏ចាប់ផ្តើមកាន់តែរកឃើញផ្នែកខ្លះៗ ដែលកាន់តែមានលក្ខណៈពិសេស នៅក្នុងការកំណត់ចរិតលក្ខណៈរបស់មនុស្សម្នាក់ៗ ទៅតាមរយៈលំដាប់លំដោយនៃការកើតរបស់ពួកគេ នៅក្នុងក្រុមគ្រួសាររបស់ខ្លួន ផងដែរ។
ដោយជាមួយគ្នានេះ នាឆ្នាំ ១៩៧០ មានក្រុមអ្នកចិត្តសាស្រ្ត ប្រមាណជាង ១ពាន់នាក់ បានធ្វើការសិក្សា និងស្រាវជ្រាវរកឃើញពីរឿងថ្មីមួយ ដែលមានការ ជាប់ពាក់ព័ន្ធនឹងការកំណត់ចរិតលក្ខណៈរបស់មនុស្ស តាមរយៈលំដាប់លំដោយ នៃវត្តមានរបស់ពួកគេ នៅក្នុងគ្រួសារនីមួយៗ។
ហេតុដូច្នោះ ខាងក្រោមនេះ ជាការបកស្រាយលម្អិត ពីប្រភេទចរិតលក្ខណៈ ពិសេសៗរបស់មនុស្ស ដែលបានកើតនៅក្នុងលំដាប់លំដោយណាមួយនៃក្រុម គ្រួសារ របស់ពួកគេ:
១. កូនច្បង ឬកូនដំបូង នៅក្នុងក្រុមគ្រួសារ
# ចរិតលក្ខណៈ នៅក្នុងការស្រាវជ្រាវខាងលើនេះ ក្រុមអ្នកចិត្តសាស្រ្ត បានធ្វើការបង្ហាញថា ចំពោះចរិតលក្ខណៈរបស់កូនច្បង ឬកូនដំបូង នៅក្នុងក្រុមគ្រួសារ។
ជាទូទៅ ពួកគេរមែងតែងតែមានលក្ខណៈពិសេសខុសប្លែកពីកូនៗ ដទៃទៀត នៅត្រង់ភាពមានទំនួលខុសត្រូវខ្ពស់ ការស្រលាញ់ការប្រកួតប្រជែង និងភាពចាស់ទុំខ្លាំងជាងកូនៗដទៃផ្សេងទៀត។ ជាមួយគ្នានោះដែរ ពួកគេ ក៏ជាប្រភេទមនុស្ស ដែលសម្បូរទៅដោយមហិច្ឆតាធំ នៅក្នុងការសម្រេចចិត្ត ឬការកំណត់គោលដៅ អ្វីមួយ ផងដែរ។ ១៣ ភាគរយនៃកូនស្រីច្បង មានមហិច្ឆតាច្រើនជាងកូនប្រុសច្បង។
ស្របពេលជាមួយគ្នាដែរ កូនច្បង ឬកូនដំបូង មិនថាស្រី ឬប្រុសនោះទេ ពួកគេក៏ជាប្រភេទមនុស្ស ដែលស្រលាញ់ចូលចិត្ត នៅក្នុងការគ្រប់គ្រងមនុស្ស មិនថា នៅក្នុងផ្ទះ ឬខាងក្រៅផ្ទះរបស់ពួកគេ នោះទេ។ ហើយ ពួកគេក៏និយមចូលចិត្តប្រកាន់ យកគំនិតរបស់ខ្លួនឯង ជាធំ ក្នុងការធ្វើអ្វីមួយ ផងដែរ។
ទន្ទឹមនឹងនេះដែរ ពួកគេ ក៏ជាមនុស្ស ដែលមិនចូលចិត្ត ស្ថិតនៅក្រោមការបង្គាប់ បញ្ជារបស់នរណាម្នាក់ នោះឡើយ។ ជាពិសេសទៅទៀត ពួកគេ ក៏មានតួនាទី យ៉ាងសំខាន់ ក្នុងការសម្របសម្រួលរាល់ទំនាស់នានា ដែលបានកើតមានឡើង នៅចំពោះមុខ ថែមទៀតផងដែរ។
# ការអប់រំ ដោយឡែក បើយើងងាកមកមើលពីការអប់រំ សម្រាប់កូនច្បង រមែងតែងតែស្រលាញ់ចូលចិត្តការសិក្សា ជាពិសេស ជាជាងកូនៗដទៃផ្សេងទៀត។ លើសពីនោះទៅទៀត ពួកគេក៏អាចមានសមត្ថភាពរៀនដល់ថ្នាក់អនុបណ្ឌិត ជាមធ្យមនៃការសិក្សារបស់ខ្លួនឯង ផងដែរ។
# ប្រភេទការងារ ក្នុងនោះដែរ កូនច្បង រមែងតែងតែមានឧបនិស្ស័យ ឬការទោរទន់ទៅលើការងារ ដែលរួមមានដូចជា ការស្រាវជ្រាវ ច្បាប់ វិស្វករ ពេទ្យ និងអ្នកព័ត៌មានវិទ្យា ជាដើម។
# សុខភាព ចំពោះ កូនច្បង ក៏រមែងតែងតែមានសុខភាពល្អប្រសើរ ជាងជាកូនណាៗទាំងអស់ មិនថា សុខភាពផ្លូវកាយ ឬផ្លូវចិត្ត នោះទេ។ ជាពិសេស សម្រាប់រឿងទាស់អាហារ ពួកគេក៏មិនសូវទទួលរងវាច្រើនពេក នោះដែរ។ ជាមួយគ្នានេះដែរ ភាគច្រើននៃកូនច្បង ក៏រមែងតែងតែមានឈាមប្រភេទ A។
# រឿងស្នេហា សម្រាប់កូនច្បង ភាគច្រើននៃពួកគេ ក៏រមែងតែងតែឆាប់រៀបការ ឬមានគូស្រករមុន កូនប្អូន។ ហើយ ពួកគេក៏មានដៃគូ ភាគច្រើន នៅក្នុងវ័យស្រករគ្នា ផងដែរ ពោលគឺថា ប្រសិនបើ កូនប្រុសច្បង មានអាយុ ២៥ឆ្នាំ នោះគេក៏បម្រុងនឹងជ្រើសរើសស្រ្តី ដែលមានអាយុខ្ទង់ ២០ ឬស្រករគ្នា នឹងគេ ផងដែរ។
២. កូនកណ្តាល ឬកូនទី២ នៅក្នុងក្រុមគ្រួសារ
# ចរិតលក្ខណៈ នៅក្នុងការស្រាវជ្រាវរបស់ក្រុមអ្នកចិត្តសាស្រ្ត បានរកឃើញថា សម្រាប់កូនកណ្តាល ឬកូនទី២ ពួកគេរមែងតែងតែជាប្រភេទមនុស្ស ដែលមិនសូវមានមហិច្ឆតាច្រើន ដូចជាកូនច្បង ឬកូនពៅ នោះទេ។
ផ្ទុយទៅវិញ ពួកគេក៏ជាប្រភេទមនុស្ស ដែលនិយមចូលចិត្តជួយយកអាសារអ្នកដទៃ និងសម្បូរទៅដោយភាពរួសរាយច្រើន ជាជាងកូនច្បង និងកូនពៅ។ ជាមួយគ្នានេះដែរ ពួកគេ ក៏អាចជាប្រភេទមនុស្ស ដែលស្រលាញ់សន្តិភាពច្រើន ដោយមិនថា មានជម្លោះខ្លាំងក្លាប៉ុណ្ណានោះទេ ពួកគេរមែងតែងតែ ស្វែងរកដំណោះស្រាយណាមួយ ដែលអាចជោគជ័យ ដោយមិនប្រើអំពើហិង្សា ដាក់គ្នាទៅវិញទៅមក តាមដែលអាចធ្វើទៅបាន។
ដូច្នោះហើយ សម្រាប់កូនកណ្តាល ឬកូនទី២ ពួកគេរមែងតែងតែជាការពេញចិត្ត ពីសំណាក់សមាជិកផ្សេងៗទៀតជាច្រើន មិនថា ជាអ្នកជិតខាង ក្រុមការងារ មិត្តភក្តិ និងគ្រួសារជិត ឆ្ងាយរបស់ខ្លួនឯង នោះទេ។
# ការអប់រំ ភាគច្រើននៃកូនកណ្តាល រមែងតែងតែមានទំនាក់ទំនងល្អបង្គួរ ក្រោមគំរូនៃកូនច្បងរបស់ខ្លួន មានន័យថា ការសិក្សារបស់ពួកគេ មិនល្អពេក ហើយក៏មិនអាក្រក់ពេក ផងដែរ។
# ប្រភេទការងារ ចំពោះកូនកណ្តាល ការងារដែលរមែងតែងតែជាចំណង់ចំណូលចិត្ត របស់ពួកគេ រួមមានដូចជា គ្រូបង្រៀន ការងារសង្គម អ្នកសម្របសម្រួលកម្មវិធី និងអ្នកលក់ ជាដើម។
# សុខភាព ចំពោះរឿងនេះវិញ ជាធម្មតា កូនកណ្តាល មិនសូវមានសុខភាពល្អប្រសើរ ដូចជាកូនច្បងរបស់ខ្លួន នោះទេ។ តែយ៉ាងណាមិញ វាក៏មិនមែនមានន័យថា ពួកគេមានសុខភាពអាក្រក់ធ្ងន់ធ្ងរអ្វីនោះដែរ។ គ្រាន់តែថា លទ្ធភាពនៃការឆាប់មានជំងឺរបស់គេ មានភាពខ្ពស់ជាងកូនច្បង តែប៉ុណ្ណោះ។
# រឿងស្នេហា កូនកណ្តាល រមែងតែងតែមានទំនាក់ទំនងពិសេស មិនសូវជាច្បាស់លាស់ ជាមួយនរណាម្នាក់ ឲ្យពិតប្រាកដ។ ហេតុដូច្នោះហើយ អត្រានៃការឆាប់រៀបការរបស់ពួកគេ ក៏នៅមានកម្រិតទាបជាជាងកូនច្បង ផងដែរ។ ប៉ុន្តែ នេះក៏មិនមែនមានន័យថា ក្រុមកូនកណ្តាលទាំងអស់ សុទ្ធតែមិនដែលមានស្នេហាស្មោះត្រង់នោះទេ គ្រាន់តែពួកគេនិយមចូលចិត្តភាពសប្បាយច្រើនជាង។៣. កូនពៅ ឬកូនចុងក្រោយគេ នៅក្នុងក្រុមគ្រួសារ
# ចរិតលក្ខណៈ យោងទៅតាមការស្រាវជ្រាវខាងលើនោះ គេក៏បានបញ្ជាក់ថា ធម្មតានៃកូនពៅ ឬកូនចុងក្រោយគេ រមែងតែងតែមានចរិតលក្ខណៈ នៃការសម្តែងចេញ ពីធម្មជាតិរបស់ពួកគេ ក្នុងន័យច្នៃប្រឌិតច្រើនជាងកូនបងៗ របស់ខ្លួន។
ហើយក្នុងនោះដែរ ពួកគេក៏ជាប្រភេទមនុស្ស ដែលមានចរិតលក្ខណៈក្លាហាន ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ជាប្រចាំ មិនថាទាំងសកម្មភាពក្នុងផ្ទះ ឬក្រៅផ្ទះ នោះទេ។ លើសពីនេះទៅទៀត ពួកគេក៏ជាប្រភេទមនុស្ស ដែលមិនសូវចូលចិត្ត ស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់នរណាម្នាក់នោះទេ ហើយមានពេលខ្លះ សូម្បីតែឪពុកម្តាយរបស់ពួកគេ ក៏គេមិនចូលចិត្តធ្វើតាម ផងដែរ។
តែយ៉ាងណាមិញ ពួកគេក៏មានភាពល្អប្រសើរច្រើន នៅក្នុងការធ្វើការងារ សង្គម ជាមួយនឹងក្រុមមនុស្ស មិនថា ភេទដូចគ្នា ឬខុសគ្នា នោះទេ។ ហើយក្នុងនោះ ពួកគេក៏ជាប្រភេទមនុស្សខ្ចិល មិនសូវមានរបៀបច្រើន ជាពិសេសទៅលើ រឿងរៀបចំខ្លួន ដូចជាសម្លៀកបំពាក់ បន្ទប់គេង និងកន្លែងរៀន ជាដើម។
ហេតុដូច្នោះហើយ ភាគច្រើននៃកូនពៅ ឬកូនចុងក្រោយ តែងតែនិយមចូលចិត្តធ្វើអ្វី ដែលខ្លួនរបស់ពួកគេស្រលាញ់ ជាងជាធ្វើតាមតម្រូវការរបស់នរណាម្នាក់ ក្រៅពីខ្លួនរបស់គេ។
# ការអប់រំ ដោយហេតុថា កូនពៅ ជាកូនចុងក្រោយគេបង្អស់ក្នុងរង្វង់ក្រុមគ្រួសារ ដូច្នោះចំពោះការសិក្សារបស់ពួកគេ ក៏រមែងតែងតែព្យាយាមយកគំរូ ទៅតាមកូនច្បងរបស់ខ្លួន ជាប្រចាំ។ ដូចនេះ វាក៏បានធ្វើឲ្យការសិក្សារបស់ពួកគេ មិនមានការខុសឆ្គងច្រើន ដោយមានបងៗជាគំរូ សម្រាប់មិនឲ្យមានកំហុសច្រើន។
# ប្រភេទការងារ ភាគច្រើននៃការងារ ដែលកូនពៅមានការទោរទន់ទៅរក គឺជាការងារការិយាល័យ ដោយមិនសូវចេញទៅក្រៅឆ្ងាយ ការសិល្បៈ និងអ្នកគំនូរ ជាដើម។
# សុខភាព ជាធម្មតា កូនពៅរមែងតែងតែជាកូន ដែលមានសុខភាព មិនសូវបានល្អ ជាងជាបងៗរបស់ខ្លួន។ ហេតុដូច្នោះហើយ ពួកគេក៏រមែងតែងតែឈឺ ឬងាយឆ្លងជំងឺច្រើន នៅក្នុងមជ្ឈដ្នានខុសប្រក្រតីមួយចំនួនធំ។
# រឿងស្នេហា ចំពោះរឿងស្នេហាវិញ កូនពៅ រមែងតែងតែមានទំនាក់ទំនងស្នេហាស្មោះត្រង់ច្រើន និងចូលចិត្តស្រលាញ់នរណា ដែលអាចផ្តល់ភាពកក់ក្តៅឲ្យពួកគេ បានច្រើន។ ព្រោះថា សម្រាប់កូនពៅ ភាពកក់ក្តៅពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពួកគេ។
៤. កូនទោល ឬកូនតែម្នាក់ នៅក្នុងក្រុមគ្រួសារ
# ចរិតលក្ខណៈ ចំពោះកូនទោល ឬកូនតែម្នាក់ នៅក្រុមគ្រួសារ ក្រុមអ្នកចិត្តសាស្រ្ត ក៏បានស្រាវជ្រាវរកឃើញថា ពួកគេ មិនសូវនិយមចូលចិត្តការស្តាប់ តាមបង្គាប់បញ្ជារបស់នរណាម្នាក់នោះទេ ហើយក្នុងនោះ ពួកគេក៏ស្រលាញ់ចូលចិត្តធ្វើអ្វីទៅតាមតែចិត្តចង់របស់ពួកគេ តែម្នាក់គត់ ផងដែរ។
ដូចគ្នានេះដែរ ពួកគេក៏ជាប្រភេទមនុស្ស ដែលនិយមស្រលាញ់ការដឹកនាំ និងការគ្រប់គ្រងនៃជីវិត ឬរឿងរ៉ាវនានា ដោយខ្លួនឯងផ្ទាល់។ តួយ៉ាង ពួកគេក៏ជាប្រភេទមនុស្សដែលស្រលាញ់ចូលចិត្តទៅលើភាពឯករាជ្យ ដោយការនិយមប្រើប្រាស់ជីវិត ឬពេលវេលា មិនចាំបាច់ពឹងពាក់ ទៅលើនរណាម្នាក់ជាធំ ក្រៅពីខ្លួនឯង នោះទេ។
តែផ្ទុយទៅវិញ ពួកគេក៏ជាប្រភេទមនុស្ស ដែលមានចរិតលក្ខណៈមិនសូវចេះ អត់ធ្មត់ច្រើន មិនថា រឿងរ៉ាវតូច ឬធំ នោះទេ។ ដោយក្នុងនោះដែរ ពួកគេតែងតែព្យាយាមស្វែងរកដំណោះស្រាយណា ដែលងាយស្រួល ឬធ្វើឲ្យអ្នកនៅជុំវិញខ្លួន ទទួលបានភាពស្មុគស្មាញ ទៅតាមខ្លួនរបស់គេ ផងដែរ។
ទន្ទឹមនឹងដែរ រាល់ពេលមានជម្លោះ ឬរឿងទាល់ទែងចិត្តមួយចំនួន ពួកគេក៏រមែងតែងតែបង្ហាញវាចេញមកខាងក្រៅ ដោយមិនមានភាពអៀននោះទេ ហើយមានពេលខ្លះ ពួកគេក៏អាចប្រែប្រួលខ្លួន ទៅជាមនុស្សចិត្តដាច់បំផុត ទៅលើរឿងមនោសញ្ចេតនា ឬការងារអ្វីមួយ ថែមទៀតផង។
# ការអប់រំ សម្រាប់កូនទោល ពួកគេក៏ជាប្រភេទមនុស្ស ដែលស្រលាញ់ចូលចិត្តការសិក្សា ដោយផ្ទាល់ខ្លួន ជាងជារៀន តែក្នុងថ្នាក់។ ហើយក្នុងនោះដែរ ការសិក្សារបស់គេ ក៏ស្ថិតនៅក្រុមមួយល្អប្រសើរ ផងដែរ។
# ប្រភេទការងារ ដូចគ្នានេះដែរ កូនទោល ក៏មានលក្ខណៈសម្បត្តិនៃការទោរទន់ ទៅរកប្រភេទការងារស្រដៀងគ្នានឹងកូនច្បង ផងដែរ។ ហើយ សម្រាប់ការងារទាំងអស់នេះ ក៏មានលក្ខណៈត្រូវជាមួយអ្វី ដែលពួកគេចង់បាន ផងដែរ។
# សុខភាព ថ្វីបើ កូនទោលជាកូនតែម្នាក់ នៅក្នុងក្រុមគ្រួសារ ក៏ពិតមែន ប៉ុន្តែពួកគេ ក៏ជាកូនដែលងាយទទួលរងការប៉ះទង្គិចផ្លូវចិត្ត ជាងជាផ្លូវកាយ ផងដែរ។ ព្រោះថា រាល់ភាពតានតឹងផ្លូវចិត្តនានា ពួកគេក៏រមែងតែងតែចាប់ផ្តើមទទួលរងវា ដោយតែម្នាក់ឯងគត់។ ហើយក្នុងនោះដែរ ពួកគេក៏រមែងតែងតែពិបាក ក្នុងការចែករំលែកបញ្ហារបស់ខ្លួន ទៅកាន់អ្នកដទៃ ផងដែរ។
# រឿងស្នេហា ចំពោះកូនទោល រឿងស្នេហារបស់ពួកគេ រមែងតែងតែមានភាពសាុំញាុំច្រើន ហើយងាយទទួលរងការបែកបាក់គ្នា ជាប្រចាំ។ ហេតុដូច្នោះ ពួកគេក៏ជាប្រភេទកូន ដែលមិនងាយរៀបការលឿន ផងដែរ។
៥. កូនភ្លោះ
# ចរិតលក្ខណៈ ចំពោះកូនភ្លោះ ឬកូនដែលកើតមានឡើងក្នុងផ្ទៃម្តាយ តែមួយ គឺជាប្រភេទមនុស្ស ដែលមានលក្ខណៈខ្លាំងពូកែ តាំងតែពីតូចមក។ ហើយក្នុងនោះដែរ ជីវិតរបស់ពួកគេ ក៏រមែងតែងតែទទួលបានភាពកក់ក្តៅគ្រប់គ្រាន់ ព្រោះថា មានគ្នាជាប្អូនបង គ្រប់ពេលទៅណាមកណា។ ហេតុដូច្នោះហើយ បានជាភាគច្រើន គេរមែងតែងតែប្រទះឃើញកូនភ្លោះនិយម ចូលចិត្តអ្វីៗ ដែលជាគូ ហើយមានលក្ខណៈស្រដៀង ឬដូចគ្នា តែម្តង។
តែយ៉ាងណាមិញ កូនភ្លោះ ក៏ជាប្រភេទមនុស្ស ដែលមានចរិតលក្ខណៈមិនចូលចិត្តស្តាប់បង្គាប់នរណាគេម្នាក់ ផងដែរ ហើយក្នុងនោះ អ្វីដែលពួកគេចង់បាន គឺត្រូវតែបានជានិច្ច ដោយមិនសូវមានភាពអត់ធ្មត់ច្រើន នោះទេ។
# ការអប់រំ ចំពោះកូនភ្លោះទាំងពីរ ពួកគេ ក៏រមែងតែងតែទទួលបានការសិក្សាអប់រំ បែបល្អប្រសើរ ជាមួយគ្នា គ្រប់ពេលវេលា ផងដែរ។ លើសពីនេះទៅទៀត ពួកគេក៏មិនសូវមានភាពច្រណែនគ្នា អ្វីច្រើននោះទេ ចំពោះចំណុចមួយនេះ។
# ប្រភេទការងារ រីឯចំពោះចំណុចនេះ ដែលពួកគេអាចចូលចិត្ត ឬមានទំនោរទោរទន់ ទៅរក ការងារបែបឯករាជ្យច្រើន ដោយមិនសូវចូលចិត្តស្ថិតនៅក្រោមការ បង្គាប់បញ្ជាពីនរណាម្នាក់នោះទេ។ ហើយ ពួកគេក៏មិនចូលចិត្តគ្រប់គ្រង នរណាគេម្នាក់ នោះដែរ។
# សុខភាព ជាធម្មតានៃភាពជាកូនភ្លោះ រមែងតែងតែមានមួយសុខភាពល្អ និងមួយទៀត មិនសូវទទួលបានសុខភាពល្អ នោះទេ ហើយវាក៏ប្រហែលជាអាច កូនច្បងភ្លោះ ឬកូនប្អូនភ្លោះ ផងដែរ។ តែបើទោះបីជាយ៉ាងណា ក៏ភាពងាយមានជំងឺរបស់ពួកគេ នៅមានកម្រិតស្រាល ជាងជាកូនៗ តែមួយ ផងដែរ។
# រឿងស្នេហា ជាទូទៅ ចំពោះចំណុចនេះ កូនភ្លោះ ហាក់បីដូចជាមិនសូវមានសេរីភាព ក្នុងការហ៊ានមានគូស្រករផ្តេសផ្តាសនោះទេ ព្រោះថា រវាងពួកគេម្នាក់ៗ រមែងតែងតែមានការមើលថែទាំ យ៉ាងស្និទ្ធស្នាលគ្រប់ពេល ពីឪពុកម្តាយរបស់ខ្លួន។ ហេតុដូច្នោះ ប្រសិនបើ ពួកគេអាចមានគូស្រករ គឺត្រូវតែឆ្លងកាត់ក្រុមគ្រួសារ ជាមុនសិនហើយ។
ជាចុងក្រោយ ឆ្លងទៅតាមការស្រាវជ្រាវរបស់ក្រុមអ្នកចិត្តសាស្រ្តខាងលើនេះ ក៏បានបង្ហាញថា រាល់លំដាប់លំដោយនីមួយៗ នៅក្នុងក្រុមគ្រួសាររបស់មនុស្សម្នាក់ៗ មិនថាជាកូនស្រី ឬកូនប្រុសនោះទេ ក៏ពិតជាមានទាំងចំណុចល្អ និងចំណុចអាក្រក់ សម្រាប់ពួកគេគ្រប់ៗគ្នា ផងដែរ។
តែយ៉ាងណាមិញ វាក៏មិនអាចប្រាកដ ១០០ភាគរយ ទៅតាមប្រភេទ ក្រុមគ្រួសារនីមួយៗ ផងដែរ ព្រោះថា រាល់ចរិតលក្ខណៈរបស់មនុស្សម្នាក់ៗ ក៏មានការចូលរួមផ្សំពីប្រពៃណីទំនៀមទម្លាប់ វប្បធម៌ សាសនា និងការអប់រំ សម្រាប់ចូលរួមចំណែកបំពេញបន្ថែមទៅកាន់ពួកគេ ក្នុងការកែប្រែ ឬអភិវឌ្ឍខ្លួន ឆ្ពោះទៅរកភាពល្អប្រសើរជាងមុន ផងដែរ៕
ប្រភព៖ dailyworth.com // parents.com // huffingtonpost.com