នៅ​ជប៉ុន​មាន​ភូមិ​មួយ​នោះ ប្រជាជន​អាយុ​វែង​ណាស់ តាម​ពិត​ដោយសារ​អាថ៌កំបាំង ៥ នេះ​សោះ

នៅ​ភូមិ Ogimi ស្រុក Kunigami ខេត្ត Okinawa ជា​តំបន់​ដែល​មាន​ប្រជាជន​ជប៉ុន​អាយុ​វែង​ជាង​គេ ដោយ​ជា​មធ្យម​ក្នុង​តំបន់​នោះ ពួក​គេ​អាច​រស់នៅ​ដល់​អាយុ ៨១,២ ឆ្នាំ ដោយ​ស្រ្តី​ជា​មធ្យម​មាន​អាយុ​ដល់ ៨៦ ឆ្នាំ ហើយ​បុរស​អាយុ ៧៥ ឆ្នាំ។

បើ​តាម​ការ​ស្រាវជ្រាវ​ពី​ទម្លាប់​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​នោះ គឺ​ពួក​គេ​មាន​អាថ៌កំបាំង​នៃ​ការ​ទទួល​ទាន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៥ ដែល​ថ្ងៃ​នេះ Knongsrok សូម​លើក​មក​ចែករំលែក​បងប្អូន​យើង​នៅ​កម្ពុជា​ឲ្យ​បាន​ដឹង៖

៥) ដំឡូង​ជ្វា​ពណ៌​ស្វាយ

1

នៅ​ទី​នោះ​គេ​ពេញ​និយម​ទទួល​ទាន​ដំឡូង​ជ្វា​ពណ៌​ស្វាយ​ខ្លាំង​ណាស់ ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន C ដោយ​វា​អាច​ការពារ​យើង​ពី​ការ​បង្ក​រោគ​ជា​ច្រើន​មក​កាន់​រាងកាយ មិន​ថា​តែ​ជំងឺ​ទឹក​នោម​ផ្អែម សរសៃ​ឈាម​បេះដូង និង​សរសៃ​ប្រសាទ។

បន្ថែម​ពី​នេះ​សារធាតុ​ពណ៌ Anthocyanins នៅ​ក្នុង​ដំឡូង​ជ្វា​ពណ៌​ស្វាយ ក៏​មាន​ប្រសិទ្ធភាព​ការពារ​ការ​រីក​លូតលាស់​នៃ​ដុំ​សាច់​ អាច​បង្ក​ជា​មហារីក​ក្នុង​ពោះវៀន​ធំ សួត និង​ក្រពេញ​ប្រូស្តាត។ វា​ក៏​មាន​សារធាតុ Flovonoids ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ល្អ​ផង​ដែរ។

៤) បន្លែ

2

នៅ​ក្នុង​ភូមិ Ogimi មនុស្ស​ជា​ច្រើន ទម្លាប់​ប្រើប្រាស់​បន្លែ​ដែល​ដាំ​ដោយ​ផ្ទាល់​ដៃ ល្បាក់ ៥៨ ទៅ ៦០ ភាគរយ​ហើយ​នៃ​អាហារ​សរុប​ដែល​ពួក​គេ​ទទួល​ទាន​ជា​ប្រចាំ។ បន្លែ​គេ​ឧស្សាហ៍​ទទួល​ទាន​នៅ​ទី​នោះ មាន​ដូច​ជា​ស្ពៃ​ក្តោប ផ្សិត និង​ម្រះ។

តាម​ការ​ស្រាវជ្រាវ​ពិត​ណាស់ ការ​ទទួល​ទាន​បន្លែ​ច្រើន អាច​បញ្ចៀស​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​ក៏​ផ្តល់​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​សារធាតុ​រ៉ែ​ចាំ​បាច់​ជា​ច្រើន​សម្រាប់​រាងកាយ។

៣) តៅហ៊ូ

3

តៅហ៊ូ​ជា​អាហារ​ផ្តល់​ប្រយោជន៍​ជា​ច្រើន ចំពោះ​សុខភាព វា​ល្អ​សម្រាប់​បេះដូង​ ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់ ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់ Alpha linolenic ជួយ​ការពារ​ការ​កក​ឈាម និង​ការ​ស្ទះ​សរសៃ​ឈាម​ក្នុង​បេះដូង។

២) ត្រី​សមុទ្រ និង​សារាយ​សមុទ្រ

4

ដោយសារ​តែ​តំបន់​នោះ នៅ​ជិត​ភ្នំ សមុទ្រ ដូច្នេះ​ប្រជាជន​អាច​មាន​ឱកាស​ទទួល​ទាន​សារាយ​សមុទ្រ និង​ត្រី ជា​អាហារ​ប្រចាំ​ថ្ងៃ បាន​ជាប់លាប់។ ត្រី​សមុទ្រ​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ល្អ​សម្រាប់​បេះដូង​និង​ខួរក្បាល។ វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ Phytochemical មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​រលាក ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង និង​ជំងឺ​វង្វេង...។

ទន្ទឹម​នោះ​សារាយ​សមុទ្រ ក៏​មាន​តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ កាល់ស្យូម ផូស្វ័រ ជាតិ​ដែក.... ល្អ​សម្រាប់​សុខភាព។

១) ផឹក​តែ​ច្រើន

5

ការ​ផឹក​តែ​ច្រើន ជា​ទម្លាប់​ដែល​មិន​អាច​ខ្វះ​បាន​របស់​អ្នក​ភូមិ Ogimi។ ការ​ស្រាវជ្រាវ​មួយ​ក៏​បង្ហាញ​ថា ការ​ផឹក​តែ​បៃតង​យ៉ាង​ហោច​ណាស់ ៣ ដង/សប្តាហ៍ អាច​ជួយ​ឲ្យ​អ្នក​រស់នៅ​បាន​យូរ និង​មាន​សុខភាព​ល្អ។

តែ​មាន​ផ្ទុក​សារធាតុ Polyphenols ជួយ​ការពារ​ជំងឺ​លើស​ឈាម ហើយ​ក៏​មាន​សារធាតុ Flovonoid ដែល​ជា​ប្រភេទ​សារធាតុ​ពណ៌ ប្រឆាំង​អុកស៊ីតកម្ម ប្រឆាំង​នឹង​ការ​រលាក ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​សរីរាង្គ​ជា​ច្រើន​ក្នុង​ខ្លួន​របស់​អ្នក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក