ភ្នំពេញ ៖ ចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះតាំងពីអំឡុងឆ្នាំ ២០២១ លោក ពុធ មិថុនា ត្រូវបានស្គាល់ថាជាតារាដ៏លេចធ្លោមួយរូបដែលមានសមត្ថភាពទាំងការច្រៀង និងនិពន្ធចម្រៀងដោយខ្លួនផ្ទាល់ រួចក៏មានឱកាសក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មធំមួយផងដែរ។
បន្ទាប់ពីមមាញឹកការងារផ្ទាល់ខ្លួន និងបាត់មុខពីវិថីសិល្បៈមួយរយៈ តារាចម្រៀងពោរពេញដោយសមត្ថភាព លោក ពុធ មិថុនា បានត្រលប់មកឆាកតន្រ្តីឡើងវិញ ក្នុងកម្មវិធីប្រលងចម្រៀង Beat The Best ហើយក៏បាននាំយកបទបែបយុវវ័យ មួយបទដើម្បីលួងចិត្តអ្នកគាំទ្ររហូតទទួលបានភាពល្បីល្បាញលើសមុនផងដែរជាមួយនឹងបទចម្រៀង «គឺគេ »។
«គឺគេ » គឺជាបទចម្រៀងមួយបទដែល បាននិយាយពីបុរសស្មោះស្នេហ៍មួយរូបដែលបានដាក់ចិត្តស្រលាញ់នារីម្នាក់សង្ឃឹមថាទទួលបានស្នេហាដ៏ផ្អែមល្ហែម តែចុងក្រោយទើបភ្ញាក់ខ្លួនថាខ្លួនបានក្លាយទៅជាជនទី៣កំដរនារីម្នាក់នោះទៅវិញ។ បទចម្រៀងដ៏ចាក់ដោតបេះដូងអ្នកគាំទ្រដែលកំពុងតែបែកបាក់ស្នេហ៍នេះ បានធ្វើឱ្យលោក ពុធ មិថុនា មានសន្ទុះគាំទ្រកាន់តែខ្លាំង ថែមទាំងបានទទួលការអញ្ជើញចូលរួមកម្មវិធីតាមផាប់ជាច្រើនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើនទៀតផង។
សូមជម្រាបថា លោក ពុធ មិថុនា ក្រៅពីល្បីឈ្មោះដំបូងតាមរយៈការ Cover បទចម្រៀងល្បីៗ លោកក៏មានបទចម្រៀងផ្ទាល់ខ្លួនដែលល្បីៗកន្លងមកជាច្រើនដូចជា៖ ត្រឹមអ្នកកំដរ / Crush អូនអ្នកគាំទ្រ / គេល្អត្រង់ណា / ប្រាប់គេបែបណា និងបទជាច្រើនបទទៀត៕