មនុស្សប្រុសទាំងឡាយអ្នកត្រូវដឹងថា នៅពេលដែលមនុស្សស្រីម្នាក់បានដាក់ចិត្តទាក់ទងអ្នកហើយ ក៏មានន័យថា នាងពិតជាស្រឡាញ់អ្នក មានអារម្មណ៍ល្អចំពោះអ្នក ហើយក៏បានដាក់ចិត្តនឹងលះបង់គ្រប់យ៉ាងដើម្បីអ្នក ព្រមរួមសុខរួមទុក្ខជាមួយនឹងអ្នកហើយ ដូច្នេះហើយ កុំធ្វើឱ្យមនុស្សស្រីម្នាក់ដែលគ្មានបំណងអ្វីក្រៅតែពីស្រឡាញ់អ្នក ត្រូវរងការឈឺចាប់ព្រោះតែអ្នកឱ្យសោះ។
១) កុំបំផ្លាញបេះដូងមនុស្សស្រី៖ ការបំផ្លាញបេះដូងមនុស្សស្រីគឺកំហុសធំ មុតចាក់ជ្រៅបំផុត។ វាប៉ះពាល់ដល់អារម្មណ៍របស់នាង បំផ្លាញទស្សនៈរបស់នាងចំពោះស្នេហា និងអាចប៉ះពាល់ដល់ទំនាក់ទំនងអនាគតរបស់នាងផងដែរ។ ស្នេហាមិនដែលត្រូវធ្វើឱ្យខូចខាត។ សេចក្តីស្រឡាញ់ត្រូវព្យាបាល ធ្វើជាជម្រករបស់អ្នកពីទុក្ខវេទនា និងធ្វើឱ្យជីវិតមានតម្លៃ។
២) កុំធ្វើពុតថាអ្នកស្រឡាញ់នាង៖ បើអ្នកមិនស្រឡាញ់នាងពិតប្រាកដទេ ចូរប្រាប់នាងឱ្យដឹងតាមត្រង់ កុំខ្ជះខ្ជាយពេលវេលារបស់នាងអី។ កុំផ្ដល់ក្ដីសង្ឃឹម តែមិនផ្ដល់ការស្រឡាញ់ ឈប់ខ្ជះខ្ជាយពេលវេលារបស់នាង ឱ្យជាប់ជំពាក់ជាមួយនឹងទំនាក់ទំនងដែលមិនច្បាស់លាស់របស់អ្នក។
៣) កុំប្រៀបធៀបនាងទៅនឹងអតីតរបស់អ្នក៖ នោះជារឿងអយុត្តិធម៌សម្រាប់នាង និងបញ្ហា ការបែកបាក់ដែលកំពុងរង់ចាំកើតឡើងនៅថ្ងៃក្រោយ។ នាងមិនមែនជា Ex របស់អ្នកទេ។ ស្ត្រីគ្រប់រូបគឺមិនដូចគ្នានោះឡើយ កុំធ្វើឱ្យនាងមានអារម្មណ៍ថានាងមិនស្មើនឹងអតីតរបស់អ្នក។ បើអតីតអ្នកល្អជាងនាង ទៅរកអ្នកចាស់ទៅ កុំយកនាងមកប្រៀបធៀប កុំទាមទារចង់ឱ្យនាងធ្វើដូចអ្នកចាស់របស់អ្នក វាមិនអាចទៅរួចឡើយ។
៤) កុំយកស្នេហារបស់នាងមកលេងសើច៖ បើនាងសម្រេចចិត្តជ្រើសយកអ្នកហើយ ក៏មានន័យថា នាងបានដាក់ចិត្តពិតប្រាកដជាមួយនឹងអ្នកហើយ នាងស្រឡាញ់អ្នកជាមួយនឹងអ្វីគ្រប់យ៉ាងដែលអ្នកមាន ព្រមទទួលយកទាំងល្អ និងអាក្រក់ ព្រមរួមសុខទុក្ខ ហែលឆ្លងគ្រប់យ៉ាងជាមួយអ្នក។ ដូច្នេះហើយ កុំយកនាងមកលេងសើច កុំស្រឡាញ់នាងដើម្បីតែគកំដរអារម្មណ៍ឱ្យសោះ។
៥) កុំស្រែកគំហកដាក់នាង៖ ការស្រែកគំហកដាក់មនុស្សស្រី គឺជាកំហុសដ៏ធំ ដែលអ្នកកំពុងតែសាងនូវអារម្មណ៍ និងការឈឺជាប់ទៅលើនាង។ ការឈ្លោះគ្នាជារឿងធម្មតានៅក្នុងទំនាក់ទំនង ប៉ុន្តែការស្រែកគំហក វាមិនគួរឱ្យកើតឡើងឡើយ។ នៅពេលអ្នកកំពុងស្រែកដាក់នាង នោះអ្នកកំពុងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់នាង។ គូស្នេហ៍កុំស្រែកដាក់គ្នាទៅវិញទៅមក ត្រូវនិយាយជាមួយគ្នាដោយសន្តិវិធី ឈ្លោះគ្នា ត្រូវរកដំណោះស្រាយ កុំចេះតែស្រែកទាំងទទឹងទិស។
៦) កុំប្រើហិង្សាលើនាង៖ នេះជាកំហុសដែលចាក់ជ្រៅនៅក្នុងចិត្តរបស់នាង ការប្រើហិង្សា ជាការសាងការចងចាំដ៏អាក្រក់ ដក់ជាប់ក្នុងចិត្តនាងពេញមួយជីវិត របួសកាយ ធ្វើឱ្យឈឺដល់ចិត្តដែលមិនអាចបំភ្លេចបាន។ ប្រុសៗត្រូវចាំ ខឹងខ្លាំងយ៉ាងណាក៏ដោយ ត្រូវតែចៀសវាង កុំប្រើដៃជើងវាយធ្វើបាបនាងឱ្យសោះ។
៧) កុំមើលងាយនាង និងគ្រួសារនាង៖ មិនថាអ្នកមាន ឬខ្ពង់ខ្ពស់ជាងនាងយ៉ាងណាក៏ដោយ ដាច់ខាតកុំមើលងាយនាង និងគ្រួសារនាងឱ្យសោះ នាងក៏មានតម្លៃ គ្រួសារនាងក៏មានកិត្តិយស កុំព្រោះតែលុយកាក់ ឋានៈ បែរជាមាក់ងាយលើដៃគូ នេះជាកាប្រមាថដ៏ធ្ងន់ធ្ងរ។
៨) កុំបំផ្លាញកិត្តិយសរបស់នាង៖ កាន់តែស្រឡាញ់ កាន់តែត្រូវគោរព ឱ្យតម្លៃ ផ្ដល់កិត្តិយសដល់នាង។ មិនទាន់រៀបការ កុំប៉ះពាល់ បំពានលើនាង កុំចង់បានខ្លួនប្រាណរបស់នាង ហើយដោះដៃចោលនាងឱ្យសោះ។ ការបំពានលើរាងកាយនាងមុនរៀបការ ជាបទល្មើស ជាការបំផ្លាញនាង ក៏បន្ទាបតម្លៃនៃភាពជាកូនប្រុសរបស់អ្នកផងដែរ។
៩) កុំចំអក ឬស្ដីបន្ទោសនាងនៅទីសាធារណៈ៖ មិនថានាងខុស ឬមានចំណុចមិនល្អត្រង់ណាក៏ដោយ ដាច់ខាតកុំស្ដីបន្ទោស ចំអកលេងសើចលើនាងដោយមិនគិតឱ្យសោះ។ ចង់កែលម្អនាង ត្រូវរង់ចាំពេលដែលនៅស្ងាត់ៗតែពីរនាក់ កុំចេះតែស្ដីបន្ទោស ជេរប្រមាថនាង មិនទុកមុខឱ្យនាង នេះមិនមែនជាទង្វើដៃគូល្អឡើយ។
១០) កុំនិយាយពីអាថ៌កំបាំងរបស់នាងប្រាប់មិត្ត ឬគ្រួសារអ្នក៖ ចាំទុក មនុស្សម្នាក់ៗមានភាពឯកជន ចំណុចមិនល្អរបស់នាង ឬអាថ៌កំបាំងរបស់នាង ដែលនាងឱ្យអ្នកដឹង ក៏ព្រោះតែនាងទុកចិត្ត ជឿជាក់លើអ្នក ដូច្នេះហើយមិនថានៅទាក់ទងគ្នា ឬចែកផ្លូវគ្នាទេ កូនប្រុសត្រឹមត្រូវ ដាច់ខាតមិននិយាយពីដៃគូប្រាប់អ្នកផ្សេងឡើយ៕