ការនិយាយ អ្នកណាៗក៏គេចេះនិយាយដែរ គ្រាន់តែអ្នកខ្លះមិនចេះវិធីដើម្បីនិយាយ មិនដឹងពីកាលៈទេសៈក្នុងការនិយាយ រឹតតែមិនចេះរបៀបរបបក្នុងការនិយាយ ដើម្បីបង្កើនគុណភាពដល់ទំនាក់ទំនង។ មនុស្សជាច្រើន ដែលហាមាត់ឡើង និយាយឱ្យតែគេខឹងស្អប់ និយាយឱ្យតែគេបាក់ទឹកចិត្ត កើតមានអារម្មណ៍មិនល្អ នេះក៏ព្រោះតែពួកគេមិនចេះពីរបៀបនៃការនិយាយ។ ដូច្នេះហើយ ដើម្បីកុំឱ្យមានបញ្ហា ឬជម្លោះព្រោះតែពាក្យសម្ដី យើងគួរតេចេះពីវិធីក្នុងការនិយាយ ជាមួយនឹងគន្លឹះទាំង ៤ យ៉ាងនេះ បើយើងអាចធ្វើបាន នៅពេលដែលនិយាយជាមួយអ្នកដទៃ គឺមិនងាយនឹងមានបញ្ហា មិនអាចធ្វើឱ្យគេថ្នាក់ចិត្តនោះឡើយ។
១. កុំនិយាយអំពីទម្ងន់ ឬអាយុរបស់គេ ៖ អាយុ និងទម្ងន់ គឺជាបញ្ហារសើបសម្រាប់មនុស្សគ្រប់គ្នា។ ដូច្នេះហើយ បើអ្នកមិនសរសើរពួកគេថាស្អាត និងក្មេងជាងវ័យនោះទេ កុំបញ្ចេញមតិដូចជា "ធាត់ម៉េះ? ឡើងគីឡូមែន? ឬក៏ "ឥឡូវស្គមម៉េះ ស្រកគីឡូមែន?" ឬ "ឥឡូវចាស់ម៉េះ? ចាស់ជាងអ្នកនេះ ឬអ្នកនោះ" ។ ទោះអ្នកមិនរិះគន់អ្នកដទៃក៏ដោយ បើអ្នកបញ្ចេញយោបល់លើអ្នកដទៃជ្រុលពេក វានឹងធ្វើឱ្យអ្នកដទៃអន់ចិត្ត ឬអាចឈានដល់បាក់ទឹកចិត្តថែមទៀតផង។ ពេលខ្លះពាក្យសម្ដីរបស់អ្នកនឹងធ្វើឱ្យអ្នកដទៃ "មានអារម្មណ៍អៀនខ្មាស ឬកើតមានអារម្មណ៍មិនល្អ"។ ទោះជាយ៉ាងណាក៏ដោយ កុំព្យាយាមសរសើរជ្រុលពេកដែរ ព្រោះវានឹងក្លាយជាពាក្យបញ្ជោដោយមិនស្មោះត្រង់ មនុស្សនឹងប្រយ័ត្នចំពោះភាពឆ្លាតវៃក្លែងក្លាយរបស់អ្នក។
២. កុំសួរនាំអំពីប្ដីប្រពន្ធ / កូនរបស់អ្នកដទៃ បើអ្នកមិនស្គាល់គេច្បាស់ ៖ រីឯបញ្ហាអាពាហ៍ពិពាហ៍ប្តីប្រពន្ធ ឬកូនរបស់អ្នកដទៃ ពេលខ្លះជារឿងសប្បាយ ជួនកាល អាជាទុក្ខរីងរៃរបស់អ្នកដទៃ។ ដូច្នេះបើអ្នកមិនដឹងច្បាស់ពីជីវិតរៀបការ ជីវិតគ្រួសារ ប្ដីប្រពន្ធកូនគេទេ ចៀសវាងការសួរនាំ ឬវិភាគផ្ដេសផ្ដាស។ ដោយសារតែពេលខ្លះសំណួររបស់អ្នក អាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ ហើយការសន្ទនាក្លាយជាគួរឱ្យធុញ តានតឹង ថែមទាំងធ្លាក់ចូលទៅក្នុងស្ថានភាពច្របូកច្របល់ថែមទៀតផង។
៣. កុំនិយាយអំពីខ្លួនឯងច្រើនពេក ៖ មនុស្សនិយាយថាការស្តាប់មានសារៈសំខាន់ណាស់ ពេលខ្លះសំខាន់ជាងការនិយាយ ជាពិសេសនៅពេលដែលអ្នកត្រូវឈ្វេងយល់ពីនរណាម្នាក់ អ្នកគួរតែស្ដាប់គេឱ្យបានច្រើន កុំបង្អួតខ្លួន កុំនិយាយពីខ្លួនឯងច្រើនពេក ដើម្បីឱ្យអ្នកដទៃបាននិយាយខ្លះ ទើបយើងអាចយល់ពីគេបានកាន់តែច្រើន។ មនុស្សប្រហែលជារីករាយក្នុងការស្តាប់អ្នក ប៉ុន្តែនៅពេលក្រោយពួកគេនឹងមិនចង់ជួបអ្នកទៀតទេ ព្រោះមិនចង់ស្ដាប់អ្នកអួតពីខ្លួនឯង។ ផ្តល់ឱ្យអ្នកដទៃនូវឆាកដើម្បីបង្ហាញថាអ្នកជាមនុស្សរាបសារ ទើបអាចរក្សាទំនាក់ទំនង និងការជជែកគ្នានៅពេលក្រោយទៀត។
៤. កុំលេងសើចអំពីកំហុសរបស់នរណាម្នាក់ ៖ ការលេងសើច គឺជាអ្វីដែលធ្វើឱ្យជីវិតកាន់តែគួរឱ្យចាប់អារម្មណ៍។ ប៉ុន្តែការនិយាយលេងអំពីចំណុចខ្សោយរបស់នរណាម្នាក់គឺជាបម្រាម។ រឿងកំប្លែងជាច្រើន នឹងក្លាយទៅជាការប្រមាថ នៅពេលដែលការលេងសើច វាលែងជារឿងកំប្លែង មានន័យថា វាបានក្លាយទៅជាបញ្ហាហើយ។ ជាពិសេសនៅពេលដែលមានមនុស្សច្រើន ការនិយាយលេងអំពីចំណុចខ្វះខាតរបស់នរណាម្នាក់ នឹងធ្វើឱ្យពួកគេក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ បង្កឱ្យមានការអាម៉ាស់សម្រាប់ពួកគេ។ ការធ្វើឱ្យអ្នកដទៃរងការប្រមាថ លេងសើច វាជាទង្វើដែលមិនគប្បីបំផុត ត្រូវបញ្ឈប់ជាបន្ទាន់៕