មានច្រើនណាស់ដែលគេបង្រៀនអំពីរបៀប ឬគន្លឹះដើម្បីក្លាយជាអ្នកមាន តែមានមនុស្សមិនច្រើនទេដែលអាចធ្វើបាន ហើយក្លាយជាអ្នកមានស្ដុកស្ដម្ភនោះ។ តែយ៉ាងណាមិញ មិនមានអ្នកណាបង្រៀនអំពីវិធីធ្វើឱ្យខ្លួនឯងក្រនោះឡើយ តែយ៉ាងណាក៏ដោយ មានមនុស្សច្រើនណាស់ ដែលងើបមិនផុតពីភាពក្រីក្រ ព្រោះតែជាន់ចំអន្ទាក់ទាំងនេះដោយមិនដឹងខ្លួន ក៏មានអ្នកខ្លះដឹងដែរនៅតែបំពាន ដែលជាហេតុធ្វើឱ្យធ្លាក់ខ្លួនក្រលំបាក មិនអាចងើបមុខរួច។ ដូច្នេះហើយ ថ្ងៃនេះយើងមករៀនពីមេរៀនធ្វើឱ្យខ្លួនក្រ មិនមែនរៀនហើយអនុវត្តន៍តាមនោះទេ តែរៀនឱ្យចេះ ដើម្បីបញ្ចៀស និងបណ្ដេញភាពក្រីក្រ កុំឱ្យខ្លួនឯងច្រឡំដើរលើផ្លូវទាំងនេះ កុំឱ្យជីវិតត្រូវក្រលំបាករហូតដល់ចាស់។
១. ដេកឱ្យច្រើន ៖ មនុស្សដែលខ្ជិល មិនត្រឹមតែខ្ជិលធ្វើការទេ សូម្បីតែដេកក៏ខ្ជិលក្រោកដែរ មនុស្សដែលដេកច្រើន ព្រឹកឡើងដេកទ្រមក់មិនចង់ក្រោក ឱ្យតែដេកច្រើនមិនធ្វើអី សុទ្ធតែជាដើមហេតុនាំឱ្យក្រហើយ។
២. មានលុយប៉ុនណា ចាយប៉ុណ្ណឹង ៖ លុយដែលរកបាន មិនចាំបាច់រៀបចំផែនការទុកដាក់ ឬយកទីវិនិយោគអីទេ មានលុយប៉ុនណាចាយប៉ុណ្ណឹង ចាយអស់រកបានទៀតចាយទៀត ចាយលើសចំណូលដែលចង់បាន នេះហើយដែលនាំឱ្យក្រហើយជំពាក់គេទៀត។
៣. ដេកចាំសំណាង ៖ មិនបាច់ធ្វើការ រកស៊ីអីទេ ដេកចាំសំណាង ទេវតាទម្លាក់លុយឱ្យ។ នេះជារឿងដែលមិនអាចទៅរួចទេ នេះគេហៅថា ដេកយល់សប្តិទាំងថ្ងៃ។ ប្រាកដណាស់ អាជីវកម្មមួយចំនួនបានចាប់ផ្តើមដោយដើមទុនតិចតួច ប៉ុន្តែអ្នកដឹងថាជោគជ័យគឺធានា ១០០% ប្រសិនបើអ្នកចាប់ផ្តើមធំ មានដើមទុនច្រើន។
៤. ត្អូញត្អែរ ទួញសោក ៖ មិនបាច់ធ្វើអ្វីទេ គិតតែពីត្អូញត្អែរទួញសោកបន្ទោសមេឃដី បន្ទោសទេវតា បន្ទោសព្រហ្មខិតដែលឱ្យខ្លួនឯងកើតមកក្រ លំបាក វេទនា បន្ទោសអ្នកដទៃ ដែលគេកុហកបោកប្រាស់អ្នក។ ក្រលំបាកទៅខ្ចីលុយគេគេមិនឱ្យ បន្ទោសគេ ខឹងគេ តែកុំមើលទង្វើខ្លួនឯង កុំបន្ទោសខ្លួនឯង ប្រភេទមនុស្សដែលចេះតែបន្ទោសអ្នកដទៃ បន្ទោសមេឃដីព្រហ្មលិខិត មិនគិតខិតខំប្រឹងប្រែង គេហៅមនុស្សអត់កំណើត អត់ហុងស៊ុយ។
៥. សម្ភារនិយម លើសមត្ថភាព ៖ ប្រភេទមនុស្សដែលមិនខ្វល់ពីចំណូលខ្លួន មិនដឹងពីលទ្ធភាពខ្លួន អត់ខ្វល់អីទាំងអស់ សំខាន់ឱ្យតែបានប្រេនៗ សម្ភារនិយមហ៊ឺហា ហាយសូ មិនយូរទេ ក្រតាមទាន់ហើយ ព្រោះខ្លួនអត់មានអី តែចូលចិត្តអួតសម្ញែងអ្នកដទៃ ចុងក្រោយខ្លួនឯងជាអ្នកវេទនា វណ្ឌក ដោយសារតែជំពាក់គេយកមកឡូយឆាយ។
៦. សប្បាយមិនចេះគិត ៖ មនុស្សខ្លះអត់ខ្វល់អ្វីទាំងអស់ គិតតែពីដើរលេងសប្បាយ ស៊ីចាយគ្មានលស់ថ្ងៃ លុយរកមិនបានហើយ តែចាយលុយអត់មានសំចៃសោះ មនុស្សបែបហ្នឹង មិនបាច់ប្រាប់ក៏ដឹងដែរថា ជាមនុស្សដែលក្របំផុត គឺក្រដោយសារតែសប្បាយមិនចេះគិត មនុស្សបើសិនសប្បាយជ្រុលពេក ថ្ងៃមុខប្រាកដជាវេទនាហើយ៕