គ្រប់គ្នាតែងតែគិតថា ធ្វើជាមនុស្សត្រូវតែរឹងមាំ ឯករាជ្យ មានម្ចាស់ការលើខ្លួនឯង ហើយយល់ថា លក្ខណៈទាំងនេះ គឺជាគុណសម្បត្តិរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែជាក់ស្ដែងមែនទែនទៅ ចំណុចដ៏ល្អទាំងនេះ ប្រសិនបើវាឈានដល់ចំណុចមួយដែលមានពាក្យថា "ពេក" នៅពីក្រោយហើយនោះ ទាំងនេះនឹងក្លាយទៅជាបញ្ហា ក៏ជាសញ្ញាគ្រោះថ្នាក់បំផុតរបស់មនុស្សម្នាក់នោះដែរ។ ដូច្នេះ ប្រសិនបើអ្នកមានសញ្ញាទាំង ៨ ចំណុចនេះ អ្នកគួរតែបន្ធូរអារម្មណ៍បន្តិច កុំតានតឹង កុំប្រឹងដាក់សម្ពាធលើខ្លួនឯងពេក វាអាចនឹងក្លាយជាគ្រោះថ្នាក់ទៅវិញ។
១. អ្នកជាមនុស្សប្រុងប្រយ័ត្នជ្រុល ៖ មានអ្នកណាធ្លាប់ប្រាប់អ្នកទេថា "អ្នកពិតជាអាថ៌កំបាំងណាស់" ឬ "អ្នកដូចជាសៀវភៅមួយក្បាលដែលបិទជិត" ហើយប្រាប់អ្នកឱ្យបើកវាចេញមក? ខណៈពេលដែលមនុស្សគ្រប់រូបមានសិទ្ធិឯកជនភាព (និងគួរតែត្រូវបានគោរព) មានរឿងខុសគ្នារវាងភាពឯកជន និងការបិទខ្លួនអ្នកទាំងស្រុងពីអ្នកដទៃ។
២. អ្នករវល់ខ្លាំងពេក ៖ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលតែងតែធ្វើដំណើរទៅណាមកណា ហើយតែងតែឧស្សាហ៍ព្យាយាមក្នុងការងារ ឬការសិក្សា នោះមានន័យថា អ្នកជាមនុស្សដែលមានការពឹងផ្អែកលើខ្លួនឯងខ្លាំង។ អ្នកប្រហែលជាផ្តោតលើអាជីព និងការសិក្សារបស់អ្នកខ្លាំងពេក មិនមានពេលសម្រាក មិនមានពេលឱ្យខ្លួនឯង។ អ្នកអាចនឹងធ្វើឱ្យខ្លួនឯងរវល់គ្រប់ពេលដោយគ្រាន់តែមានលេសលុបចោលការណាត់ជួប ឬមិនចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ ឬគ្រាន់តែមានពេលវេលាយូរនៅម្នាក់ឯង។
៣. រ៉ាប់រងគ្រប់យ៉ាងតែម្នាក់ឯង ៖ នៅពេលណាដែលអ្នកស្ថិតក្នុងតំណែងនៃអំណាច ឬតួនាទីជាអ្នកដឹកនាំ ភាពទន់ខ្សោយធំបំផុតរបស់អ្នកគឺការបដិសេធរបស់អ្នកក្នុងការផ្ទេរភារកិច្ចឱ្យអ្នកដទៃ មិនថាការងារ ការសិក្សា ឬសកម្មភាពសង្គម។ ភាគច្រើនអ្នកទទួលខុសត្រូវរាល់កិច្ចការសំខាន់ៗដោយខ្លួនអ្នកផ្ទាល់ ហើយប្រគល់តែកិច្ចការងាយស្រួលមិនសំខាន់ទៅអ្នកដទៃ។ ម្យ៉ាងទៀត អ្នកមានទម្លាប់គ្រប់គ្រងអ្វីៗគ្រប់យ៉ាង ដើម្បីប្រាកដថាអ្វីៗគ្រប់យ៉ាងត្រូវបានធ្វើដូចដែលអ្នកចង់បាន។ សរុបមក អ្នកមិនទុកចិត្តអ្នកដទៃឱ្យធ្វើអ្វីដែលអ្នកចង់បាន ហើយអ្នកចង់ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង ដែលនាំទៅដល់ចំណុចបន្ទាប់។
៤. អ្នកមិនព្រមសុំជំនួយពីអ្នកណា ៖ ទោះជួបបញ្ហាលំបាកប៉ុណ្ណាក៏អ្នកមិនដែលសុំជំនួយពីអ្នកណាដែរ។ នេះមិនមែនដោយសារតែអ្នកក្រអឺតក្រទម ឬគិតតែពីខ្លួនឯងនោះទេ ប៉ុន្តែដោយសារតែអ្នកមិនចង់ពឹងផ្អែកលើអ្នកដទៃ។ អ្នកអាចមានបញ្ហាក្នុងការទុកចិត្តអ្នកដទៃ និងជឿជាក់លើចេតនាល្អរបស់ពួកគេ ឬអ្នកប្រហែលជាខ្លាចក្លាយជាបន្ទុក ឬរំខានដល់អ្នកដទៃ។ ទាំងនេះជាសញ្ញានៃការពឹងលើខ្លួនឯងខ្លាំងពេក។
៥. ទៅណាមកណា ធ្វើអ្វីដោយខ្លួនឯង ៖ មិនថាដើរទិញអីវ៉ាន់ មើលកុន ធ្វើកិច្ចការ ឬចេញទៅញ៉ាំអីទេ អ្នកតែងតែធ្វើគ្រប់យ៉ាងតែម្នាក់ឯង។ អ្នកប្រើពេលវេលា និងលុយរបស់អ្នកតាមចិត្ត មិនងាយចេញក្រៅជាមួយអ្នកណាឡើយ បើមិនមែនជាការងារចាំបាច់។ ខណៈពេលដែលវាមានសារៈសំខាន់ក្នុងការមានពេលវេលាសម្រាប់ខ្លួនអ្នក និងមានអារម្មណ៍សុខស្រួលក្នុងការនៅម្នាក់ឯង វាក៏សំខាន់ផងដែរក្នុងការចូលរួមសង្គម និងចំណាយពេលជាមួយមនុស្សជាទីស្រលាញ់។
៦. អ្នកសម្រេចចិត្តគ្រប់យ៉ាងដោយខ្លួនឯង ៖ អ្នកធ្វើការសម្រេចចិត្តសំខាន់ៗទាំងអស់ក្នុងជីវិតដោយខ្លួនឯង ហើយកម្រសុំយោបល់ពីអ្នកដទៃណាស់។ អ្នកមិនចាត់ទុកអ្វីដែលអ្នកដទៃគិតថាល្អបំផុតទេ ព្រោះអ្នកចង់ធ្វើការសម្រេចចិត្តដោយខ្លួនឯង។ ហើយខណៈពេលដែលអ្នកប្រហែលជាគិតថានោះជារឿងល្អ វាពិតជាបង្ហាញថាការពឹងផ្អែកលើខ្លួនឯងខ្លាំងពេករបស់អ្នកកំពុងឃ្លាតឆ្ងាយពីអ្នកនៅជុំវិញអ្នក។
៧. អ្នកមានបញ្ហាក្នុងការរក្សាទំនាក់ទំនងយូរអង្វែង ៖ មិនថាជាស្នេហា ឬមិត្តភាពទេ អ្នកតែងតែមានបញ្ហាក្នុងការរក្សាទំនាក់ទំនងយូរអង្វែង ហើយប្រសិនបើអ្នកស្មោះត្រង់នឹងខ្លួនអ្នក អ្នកដឹងថាវាដោយសារតែអ្នកតែងតែរក្សាគម្លាតអារម្មណ៍ពីអ្នកដែលអ្នកយកចិត្តទុកដាក់។ អ្នកមិនមានអារម្មណ៍ស្រួលក្នុងការបើកចំហ ឬចូលជិតពួកគេទេ ហើយអ្នកតែងតែបារម្ភអំពីការចំណាយពេលជាមួយគ្នាច្រើនពេក។ អ្នកក៏ធ្លាប់ត្រូវបានគេរិះគន់ដែរថាមិនពូកែធ្វើឱ្យមនុស្សមានអារម្មណ៍ថាត្រូវការ ឬមិនអាចខ្វះបាន ហើយមិនដែលប្រឹងប្រែងស្វែងយល់អ្នកដែលបានចាកចេញទៅវិញទេ។
៨. អ្នកមិនចូលចិត្តមនុស្សដែលខ្វះទំនុកចិត្ត ៖ រាល់ពេលដែលអ្នកឃើញនរណាម្នាក់បង្ហាញសញ្ញានៃការខ្វះទំនុកចិត្ត នោះអ្នកត្រលប់មកវិញភ្លាមៗ។ អ្នកមិនចូលចិត្តចរិតបែបនេះទេ នៅពេលដែលមិត្តភ័ក្តិរបស់អ្នកសុំឱ្យអ្នកចំណាយពេលច្រើនជាមួយពួកគេ ឬនៅពេលសាច់ញាតិផ្ញើសារ ឬទូរស័ព្ទមកអ្នកញឹកញាប់។ អ្នកមានអារម្មណ៍មិនស្រួល ឬធុញថប់ ពេលអ្នកផ្សេងព្យាយាមចូលជិតអ្នក ហើយឆាប់បដិសេធពួកគេ។ ហេតុផលគឺមកពីអ្នកគិតថា ការខ្វះទំនុកចិត្ត គឺជាសញ្ញានៃភាពទន់ខ្សោយ ហើយតាមគំនិតរបស់អ្នក មិនគួរមាននរណាម្នាក់ពឹងផ្អែកលើនរណាម្នាក់ក្រៅពីខ្លួនអ្នកនោះទេ។
មិនថាវាជាទំនាក់ទំនងមិនស្មោះត្រង់ ការឈ្លោះប្រកែកជាមួយមិត្តភ័ក្ដិ ការត្រូវឪពុកម្តាយបោះបង់ចោល ឬបទពិសោធន៍ដ៏ឈឺចាប់មួយចំនួនផ្សេងទៀតដែលបានធ្វើឱ្យអ្នកក្លាយជានរណាក្នុងពេលបច្ចុប្បន្ននេះ វាមិនអីទេ។ អ្នកពូកែដោះស្រាយវាតាមរបៀបរបស់អ្នក ប៉ុន្តែអ្នកមិនត្រូវឱ្យវាកំណត់អ្នក និងទស្សនៈរបស់អ្នកលើពិភពលោកនោះទេ។ វាជាការល្អដែលអ្នកអាចរឹងមាំ និងឯករាជ្យ ប៉ុន្តែជួនកាលមិនមានអ្វីខុសទេក្នុងការពឹងផ្អែកលើអ្នកដទៃខ្លះនោះ។ មនុស្សគ្រប់រូបត្រូវការសេចក្ដីស្រឡាញ់ ការសហការ និងអារម្មណ៍ទទួលយក ការកោតសរសើរ និងការយល់ដឹង។ ហើយទោះយើងព្យាយាមយ៉ាងណាក៏ដោយ ក៏យើងមិនអាចធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងបានដែរ។
ដូច្នេះ ទោះបីវាពិបាកដំបូងក៏ដោយ យើងត្រូវប្រឹងប្រែងបើកចិត្តទូលាយចំពោះអ្នកដែលនៅជុំវិញយើង ហើយសុខចិត្តជឿជាក់លើអ្នកដទៃម្តងទៀត ដើម្បីសុំជំនួយនៅពេលយើងត្រូវការ។ វាអាចគួរឱ្យខ្លាចក្នុងការចង់បាននរណាម្នាក់ ឬមានមនុស្សជិតស្និទ្ធ ប៉ុន្តែការមានទំនាក់ទំនងជិតស្និទ្ធ និងមានន័យជាមួយអ្នកដទៃ គឺជាអ្វីដែលធ្វើឱ្យជីវិតមានតម្លៃរស់នៅ៕