ជាការពិត តាំងតែពីយូរណាស់មកហើយ វិទ្យាសាស្រ្តបានស្វែងរកឃើញ ពីកត្តាតំណពូជ ក៏ជាផ្នែកមួយយ៉ាងធំ នៅក្នុងការកំណត់ចរិតលក្ខណៈ របស់មនុស្សជាតិ ពីជំនាន់មួយទៅជំនាន់មួយទៀតដែរ តាមរយៈប្រភេទនៃសាច់ឈាម ឬគ្រួសាររបស់ពួកគេម្នាក់ៗ។
តែក្នុងនោះដែរ នាពេលដែលវិទ្យាសាស្រ្ត កាន់តែទំនើប មនុស្សជាតិ ក៏ចាប់ផ្តើមកាន់តែរកឃើញផ្នែកខ្លះៗ ដែលកាន់តែមានលក្ខណៈពិសេស នៅក្នុងការកំណត់ចរិតលក្ខណៈរបស់មនុស្សម្នាក់ៗ ទៅតាមរយៈលំដាប់លំដោយនៃការកើតរបស់ពួកគេ នៅក្នុងក្រុមគ្រួសាររបស់ខ្លួន ផងដែរ។
ដោយជាមួយគ្នានេះ នាឆ្នាំ ១៩៧០ មានក្រុមអ្នកចិត្តសាស្រ្ត ប្រមាណជាង ១ពាន់នាក់ បានធ្វើការសិក្សា និងស្រាវជ្រាវរកឃើញពីរឿងថ្មីមួយ ដែលមានការ ជាប់ពាក់ព័ន្ធនឹងការកំណត់ចរិតលក្ខណៈរបស់មនុស្ស តាមរយៈលំដាប់លំដោយ នៃវត្តមានរបស់ពួកគេ នៅក្នុងគ្រួសារនីមួយៗ។
ហេតុដូច្នោះ ខាងក្រោមនេះ ជាការបកស្រាយលម្អិត ពីប្រភេទចរិតលក្ខណៈ ពិសេសៗរបស់មនុស្ស ដែលបានកើតនៅក្នុងលំដាប់លំដោយណាមួយនៃក្រុម គ្រួសារ របស់ពួកគេ:
១. កូនច្បង ឬកូនដំបូង នៅក្នុងក្រុមគ្រួសារ ចរិតលក្ខណៈ នៅក្នុងការស្រាវជ្រាវខាងលើនេះ ក្រុមអ្នកចិត្តសាស្រ្ត បានធ្វើការបង្ហាញថា ចំពោះចរិតលក្ខណៈរបស់កូនច្បង ឬកូនដំបូង នៅក្នុងក្រុមគ្រួសារ។
ជាទូទៅ ពួកគេរមែងតែងតែមានលក្ខណៈពិសេសខុសប្លែកពីកូនៗ ដទៃទៀត នៅត្រង់ភាពមានទំនួលខុសត្រូវខ្ពស់ ការស្រលាញ់ការប្រកួតប្រជែង និងភាពចាស់ទុំខ្លាំងជាងកូនៗដទៃផ្សេងទៀត។ ជាមួយគ្នានោះដែរ ពួកគេ ក៏ជាប្រភេទមនុស្ស ដែលសម្បូរទៅដោយមហិច្ឆតាធំ នៅក្នុងការសម្រេចចិត្ត ឬការកំណត់គោលដៅ អ្វីមួយ ផងដែរ។ ១៣ ភាគរយនៃកូនស្រីច្បង មានមហិច្ឆតាច្រើនជាងកូនប្រុសច្បង។
ស្របពេលជាមួយគ្នាដែរ កូនច្បង ឬកូនដំបូង មិនថាស្រី ឬប្រុសនោះទេ ពួកគេក៏ជាប្រភេទមនុស្ស ដែលស្រលាញ់ចូលចិត្ត នៅក្នុងការគ្រប់គ្រងមនុស្ស មិនថា នៅក្នុងផ្ទះ ឬខាងក្រៅផ្ទះរបស់ពួកគេ នោះទេ។ ហើយ ពួកគេក៏និយមចូលចិត្តប្រកាន់ យកគំនិតរបស់ខ្លួនឯង ជាធំ ក្នុងការធ្វើអ្វីមួយ ផងដែរ។
ទន្ទឹមនឹងនេះដែរ ពួកគេ ក៏ជាមនុស្ស ដែលមិនចូលចិត្ត ស្ថិតនៅក្រោមការបង្គាប់ បញ្ជារបស់នរណាម្នាក់ នោះឡើយ។ ជាពិសេសទៅទៀត ពួកគេ ក៏មានតួនាទី យ៉ាងសំខាន់ ក្នុងការសម្របសម្រួលរាល់ទំនាស់នានា ដែលបានកើតមានឡើង នៅចំពោះមុខ ថែមទៀតផងដែរ។
២. កូនកណ្តាល ឬកូនទី២ នៅក្នុងក្រុមគ្រួសារ ចរិតលក្ខណៈ នៅក្នុងការស្រាវជ្រាវរបស់ក្រុមអ្នកចិត្តសាស្រ្ត បានរកឃើញថា សម្រាប់កូនកណ្តាល ឬកូនទី២ ពួកគេរមែងតែងតែជាប្រភេទមនុស្ស ដែលមិនសូវមានមហិច្ឆតាច្រើន ដូចជាកូនច្បង ឬកូនពៅ នោះទេ។
ផ្ទុយទៅវិញ ពួកគេក៏ជាប្រភេទមនុស្ស ដែលនិយមចូលចិត្តជួយយកអាសារអ្នកដទៃ និងសម្បូរទៅដោយភាពរួសរាយច្រើន ជាជាងកូនច្បង និងកូនពៅ។ ជាមួយគ្នានេះដែរ ពួកគេ ក៏អាចជាប្រភេទមនុស្ស ដែលស្រលាញ់សន្តិភាពច្រើន ដោយមិនថា មានជម្លោះខ្លាំងក្លាប៉ុណ្ណានោះទេ ពួកគេរមែងតែងតែ ស្វែងរកដំណោះស្រាយណាមួយ ដែលអាចជោគជ័យ ដោយមិនប្រើអំពើហិង្សា ដាក់គ្នាទៅវិញទៅមក តាមដែលអាចធ្វើទៅបាន។
ដូច្នោះហើយ សម្រាប់កូនកណ្តាល ឬកូនទី២ ពួកគេរមែងតែងតែជាការពេញចិត្ត ពីសំណាក់សមាជិកផ្សេងៗទៀតជាច្រើន មិនថា ជាអ្នកជិតខាង ក្រុមការងារ មិត្តភក្តិ និងគ្រួសារជិត ឆ្ងាយរបស់ខ្លួនឯង នោះទេ។
ចរិតលក្ខណៈ យោងទៅតាមការស្រាវជ្រាវខាងលើនោះ គេក៏បានបញ្ជាក់ថា ធម្មតានៃកូនពៅ ឬកូនចុងក្រោយគេ រមែងតែងតែមានចរិតលក្ខណៈ នៃការសម្តែងចេញ ពីធម្មជាតិរបស់ពួកគេ ក្នុងន័យច្នៃប្រឌិតច្រើនជាងកូនបងៗ របស់ខ្លួន។
ហើយក្នុងនោះដែរ ពួកគេក៏ជាប្រភេទមនុស្ស ដែលមានចរិតលក្ខណៈក្លាហាន ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ជាប្រចាំ មិនថាទាំងសកម្មភាពក្នុងផ្ទះ ឬក្រៅផ្ទះ នោះទេ។ លើសពីនេះទៅទៀត ពួកគេក៏ជាប្រភេទមនុស្ស ដែលមិនសូវចូលចិត្ត ស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់នរណាម្នាក់នោះទេ ហើយមានពេលខ្លះ សូម្បីតែឪពុកម្តាយរបស់ពួកគេ ក៏គេមិនចូលចិត្តធ្វើតាម ផងដែរ។
តែយ៉ាងណាមិញ ពួកគេក៏មានភាពល្អប្រសើរច្រើន នៅក្នុងការធ្វើការងារ សង្គម ជាមួយនឹងក្រុមមនុស្ស មិនថា ភេទដូចគ្នា ឬខុសគ្នា នោះទេ។ ហើយក្នុងនោះ ពួកគេក៏ជាប្រភេទមនុស្សខ្ចិល មិនសូវមានរបៀបច្រើន ជាពិសេសទៅលើ រឿងរៀបចំខ្លួន ដូចជាសម្លៀកបំពាក់ បន្ទប់គេង និងកន្លែងរៀន ជាដើម។
ហេតុដូច្នោះហើយ ភាគច្រើននៃកូនពៅ ឬកូនចុងក្រោយ តែងតែនិយមចូលចិត្តធ្វើអ្វី ដែលខ្លួនរបស់ពួកគេស្រលាញ់ ជាងជាធ្វើតាមតម្រូវការរបស់នរណាម្នាក់ ក្រៅពីខ្លួនរបស់គេ។
៤. កូនទោល ឬកូនតែម្នាក់ នៅក្នុងក្រុមគ្រួសារ ចរិតលក្ខណៈ ចំពោះកូនទោល ឬកូនតែម្នាក់ នៅក្រុមគ្រួសារ ក្រុមអ្នកចិត្តសាស្រ្ត ក៏បានស្រាវជ្រាវរកឃើញថា ពួកគេ មិនសូវនិយមចូលចិត្តការស្តាប់ តាមបង្គាប់បញ្ជារបស់នរណាម្នាក់នោះទេ ហើយក្នុងនោះ ពួកគេក៏ស្រលាញ់ចូលចិត្តធ្វើអ្វីទៅតាមតែចិត្តចង់របស់ពួកគេ តែម្នាក់គត់ ផងដែរ។
ដូចគ្នានេះដែរ ពួកគេក៏ជាប្រភេទមនុស្ស ដែលនិយមស្រលាញ់ការដឹកនាំ និងការគ្រប់គ្រងនៃជីវិត ឬរឿងរ៉ាវនានា ដោយខ្លួនឯងផ្ទាល់។ តួយ៉ាង ពួកគេក៏ជាប្រភេទមនុស្សដែលស្រលាញ់ចូលចិត្តទៅលើភាពឯករាជ្យ ដោយការនិយមប្រើប្រាស់ជីវិត ឬពេលវេលា មិនចាំបាច់ពឹងពាក់ ទៅលើនរណាម្នាក់ជាធំ ក្រៅពីខ្លួនឯង នោះទេ។
តែផ្ទុយទៅវិញ ពួកគេក៏ជាប្រភេទមនុស្ស ដែលមានចរិតលក្ខណៈមិនសូវចេះ អត់ធ្មត់ច្រើន មិនថា រឿងរ៉ាវតូច ឬធំ នោះទេ។ ដោយក្នុងនោះដែរ ពួកគេតែងតែព្យាយាមស្វែងរកដំណោះស្រាយណា ដែលងាយស្រួល ឬធ្វើឲ្យអ្នកនៅជុំវិញខ្លួន ទទួលបានភាពស្មុគស្មាញ ទៅតាមខ្លួនរបស់គេ ផងដែរ។
ទន្ទឹមនឹងដែរ រាល់ពេលមានជម្លោះ ឬរឿងទាល់ទែងចិត្តមួយចំនួន ពួកគេក៏រមែងតែងតែបង្ហាញវាចេញមកខាងក្រៅ ដោយមិនមានភាពអៀននោះទេ ហើយមានពេលខ្លះ ពួកគេក៏អាចប្រែប្រួលខ្លួន ទៅជាមនុស្សចិត្តដាច់បំផុត ទៅលើរឿងមនោសញ្ចេតនា ឬការងារអ្វីមួយ ថែមទៀតផង។
៥. កូនភ្លោះ ចរិតលក្ខណៈ ចំពោះកូនភ្លោះ ឬកូនដែលកើតមានឡើងក្នុងផ្ទៃម្តាយ តែមួយ គឺជាប្រភេទមនុស្ស ដែលមានលក្ខណៈខ្លាំងពូកែ តាំងតែពីតូចមក។ ហើយក្នុងនោះដែរ ជីវិតរបស់ពួកគេ ក៏រមែងតែងតែទទួលបានភាពកក់ក្តៅគ្រប់គ្រាន់ ព្រោះថា មានគ្នាជាប្អូនបង គ្រប់ពេលទៅណាមកណា។ ហេតុដូច្នោះហើយ បានជាភាគច្រើន គេរមែងតែងតែប្រទះឃើញកូនភ្លោះនិយម ចូលចិត្តអ្វីៗ ដែលជាគូ ហើយមានលក្ខណៈស្រដៀង ឬដូចគ្នា តែម្តង។
តែយ៉ាងណាមិញ កូនភ្លោះ ក៏ជាប្រភេទមនុស្ស ដែលមានចរិតលក្ខណៈមិនចូលចិត្តស្តាប់បង្គាប់នរណាគេម្នាក់ ផងដែរ ហើយក្នុងនោះ អ្វីដែលពួកគេចង់បាន គឺត្រូវតែបានជានិច្ច ដោយមិនសូវមានភាពអត់ធ្មត់ច្រើន នោះទេ។
ជាចុងក្រោយ ឆ្លងទៅតាមការស្រាវជ្រាវរបស់ក្រុមអ្នកចិត្តសាស្រ្តខាងលើនេះ ក៏បានបង្ហាញថា រាល់លំដាប់លំដោយនីមួយៗ នៅក្នុងក្រុមគ្រួសាររបស់មនុស្សម្នាក់ៗ មិនថាជាកូនស្រី ឬកូនប្រុសនោះទេ ក៏ពិតជាមានទាំងចំណុចល្អ និងចំណុចអាក្រក់ សម្រាប់ពួកគេគ្រប់ៗគ្នា ផងដែរ។
តែយ៉ាងណាមិញ វាក៏មិនអាចប្រាកដ ១០០ភាគរយ ទៅតាមប្រភេទ ក្រុមគ្រួសារនីមួយៗ ផងដែរ ព្រោះថា រាល់ចរិតលក្ខណៈរបស់មនុស្សម្នាក់ៗ ក៏មានការចូលរួមផ្សំពីប្រពៃណីទំនៀមទម្លាប់ វប្បធម៌ សាសនា និងការអប់រំ សម្រាប់ចូលរួមចំណែកបំពេញបន្ថែមទៅកាន់ពួកគេ ក្នុងការកែប្រែ ឬអភិវឌ្ឍខ្លួន ឆ្ពោះទៅរកភាពល្អប្រសើរជាងមុន ផងដែរ៕
ប្រភព៖ dailyworth.com // parents.com // huffingtonpost.com