តស់!មកយល់ដឹងពីដើមផ្លែទុរេន ធ្លាប់តែបរិភោគទុរេន តើអ្នកមានដឹងទេថា ទុរេនមានដើមកំណើតមកពីប្រទេសណា? ខ្មែរយើងដាំដើមទុរេននៅខេត្តណាដំបូងបំផុត?
ទុរេន ជាឈើហូបផ្លែម្យ៉ាងមានដើមកំណើតនៅដែនកោះស៊ូម៉ាត្រា និងកោះប័រណេអូ (Borneo) ឬកោះកាលីម៉ាន់តាន់ (Kalimantan) គឺជាកោះតែមួយគត់ក្នុងពិភពលោក ដែលមានចំណែកប្រទេសដល់ទៅ ៣ ស្ថិតនៅលើកោះនេះ រួមមានប្រទេសប្រ៊ុយណេ ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ី (សូមអានបន្ថែម នូវភូមិសាស្ត្រនៃកោះប័រណេអូ នៅខាងក្រោម)។
ដើមឡើយដើមទុរេន គឺជាដើមឈើព្រៃ ដែលគេរកឃើញនៅប្រទេសម៉ាឡេស៊ី ប្រហែល ២០ ប្រភេទ និងនៅប្រទេសឥណ្ឌូណេស៊ី ប្រហែល ១០០ ប្រភេទ។ តាំងពីយូរយារណាស់មកហើយ មនុស្សជំនាន់ដើមទៅជ្រើសរើសរកទុរេនព្រៃណា ដែលមានផ្លែល្អ រសជាតិឆ្ងាញ់ មានផ្លែធំល្អ ដើម្បីយកមកដាំជាផ្លែឈើស្រុក ដែលគេហៅថាទុរេនដូនតា។ លុះក្រោយមករហូតដល់ឆ្នាំ ១៩៨៧ ដោយវិទ្យាសាស្ត្រផ្នែកកសិកម្មជឿនលឿន គេបានបង្កាត់ពូជទុរេនបានយ៉ាងច្រើន ដែលមានរហូតដល់ ៣០០ ប្រភេទ នៅប្រទេសថៃ និងប្រហែលជា ១០០ ប្រភេទនៅប្រទេសម៉ាឡេស៊ី។
នៅតំបន់ខ្លះគេចាត់ទុកផ្លែទុរេនជាស្តេចនៃផ្លែឈើ នេះក៏ព្រោះតែផ្លែវាមានទំហំផ្លែធំ គឺធំទី ២ បន្ទាប់ពីផ្លែខ្នុរ និងមានបន្លានៅលើសម្បកដ៏ស្រួចមុត។ ផ្លែរបស់វាអាចមានប្រវែងបណ្ដោយរហូតដល់ ៣០ - ៤០ ស.ម និងទទឹង ១៥ - ២៥ ស.ម និងមានទម្ងន់ ចាប់ពី ១ ទៅ ៦គីឡូក្រាម។ ពេលទុំទុរេនមានក្លិនក្រអូបឆ្អិត សាច់ក្លែបមានពណ៌លឿងដូចរមៀត ខ្លះលឿងស្រាល ខ្លះទៀតក្រហម ដោយអាស្រ័យទៅលើពូជរបស់វា។ ទុរេនពេលទុំខ្លាំងមានក្លិនឆួល ហេតុដូច្នេះហើយទើបពួកអឺរ៉ុបស្បែកស មិនចូលចិត្តផ្លែទុរេននោះទេ។ នៅសណ្ឋាគារខ្នាតផ្កាយភាគច្រើន គេហាមយកទុរេនទុំចូលក្នុងបន្ទប់ដេក ដោយវាធ្វើឱ្យក្លិនជាប់នៅក្នុងបន្ទប់ ដែលអ្នកខ្លះគេមិនចូលចិត្តក្លិនទុរេនទុំនេះទេ។
នៅប្រទេសកម្ពុជាយើងទុរេនពូជបុរាណ ដែលមានដាំដុះជាយូរមកហើយ គឺពូជ Durio zibethinus ដែលទំនងជាត្រូវបាននាំយកពូជមកពីស្រុកជ្វា តាមរយៈឈ្មួញដើរសំពៅ ក្នុងអំឡុងប្រហែលជាង ៤០០ឆ្នាំមុន នេះយោងតាមកំណត់ត្រារបស់ប្រទេសម៉ាឡេស៊ី ហើយកាលនោះទុរេនមានដាំនៅស្រុកខ្មែរដំបូងគេមំផុត គឺដាំនៅខេត្តកំពត បើយោងតាមឯកសារបារាំង(Gallica)។
> ពូជទុរេនបុរាណ អ្នកខ្លះហៅទុរេនដូនតា ឬទុរេនស្រែ ដែលមានដើមធំខ្ពស់ៗ ផ្លែមិនសូវធំទេ តែផ្លែច្រើនណាស់ កាលពីដើមគេមិនបេះទេ ទុកឱ្យវាទុំជ្រុះឯកឯងតែម្ដង។ ដើមទុរេនបុរាណអាចរស់បានយូរយារ គឺរហូតទៅដល់ ៣០០-៥០០ឆ្នាំក៏មានដែរ។> កាលពីដើម ចាស់ៗនិយាយលេងថា ពេលព្រឹកម្ចាស់ចម្ការទុរេនចូលទៅរើសផ្លែទុរេនទុំ ត្រូវតែពាក់មួកដែក ដើម្បីការពារក្បាលខ្លាចទុរេនទុំជ្រុះចំក្បាលជាយថាហេតុ។
> ទុរេនដូនតាមានសាច់តិច ជ្រាយ គ្រាប់ធំ តែក្រអូបខ្លាំង និងផ្អែមមុត ដែលកាលពីដើមគេមិននិយមហូបសាច់ផ្លែទុរេនទុំទេ ដោយសារវាថ្លៃ គេច្រើនយកសាច់ទុរេនទុំមកធ្វើបាយដំណើបទុរេន និងធ្វើបង្អែមផ្សេងៗទៀត បើគេយកមកលាយការ៉េម នៅលើរទេះលក់ការ៉េមនោះ គេចងបង្គោល១នៅមុខរទេះ និងចងផ្គុំសម្បកទុរេនទាំងមូលបញ្ឈរនៅចុងបង្គោលនោះ មើលទៅដូចមោងរបស់យក្ស ដើម្បីបញ្ជាក់ប្រាប់អ្នកទិញថា ការ៉េមថ្ងៃនេះមានលាយសាច់ទុរេនទុំ។
> កាលពីសង្គមចាស់ ពេលខ្ញុំធ្វើដំណើរ ទៅលេងក្រុងកំពត ដែលជាស្រុកកំណើតម្ដាយខ្ញុំ ដោយជិះឡានបាំង បើចំរដូវទុរេនទុំ គឺក្រអូបទុរេនទុំ និងធុំក្លិនក្ដាមសេះស្ងោរ ដោយគេដាក់កញ្ឆេទុរេនទុំនៅលើដំបូលឡានបាំងនោះ គឺជាក្លិនដែលយើងមិនអាចបំភ្លេចបាន។
រហូតមកដល់ឆ្នាំ ១៩៩០ ទើបខ្មែរយើងនាំយកពូជទុរេនល្អៗពីប្រទេសថៃតាមរយៈអ្នករកស៊ីរត់កាណូតដឹកអីវ៉ាន់ពីខេត្តកំពត ទៅលក់នៅស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ បន្ទាប់មក កាណូតនោះបានទិញអីវ៉ាន់ពីថៃ និងទិញពូជទុរេន ឪខាក់ កានយ៉ាវ ឆៈនី និង ក្រៈឌុមថង មកដាំនៅកំពត ដោយមិនទាន់មានពូជ ហ្មនថង នោះទេ ដោយយោងតាមសៀវភៅរបៀបដាំទុរេន ខ្មែរ-ថៃ ឆ្នាំ ១៩៩០។
តាមកំណត់ត្រារបស់ជនជាតិព័រទុយហ្កាល់ បាននិយាយថាទុរេនត្រូវបានគេដាំដុះ និងស្គាល់យ៉ាងទូលំទូលាយនាអំឡុងចុងសតវត្សរ៍ទី ១៨ នៅប្រទេសអាស៊ីអាគ្នេយ៍យើងនេះ !
ពាក្យទុរេន(Durian)នេះ មិនមែនជាពាក្យកម្ចីពីភាសាអឺរ៉ុប អង់គ្លេស ឬបារាំងទេ ពាក្យនេះជា ភាសាម៉ាឡេស៊ី (Malaysia) គឺមកពីពាក្យ(Duri) មានន័យថា បន្លា។
មកដល់បច្ចុប្បន្ននេះ ពូជទុរេនដែលមានការពេញនិយមលើទីផ្សារអន្តរជាតិ រសជាតិឆ្ងាញ់ខ្លាំង គឺ ៖
> ទុរេនរបស់ប្រទេសថៃពូជ ហ្មនថង (หมอนทอง) មានន័យថា(ខ្នើយមាស) ព្រោះវាមានរសជាតិផ្អែមមុតខ្ទិះៗ សាច់ក្លែបណែនល្អ មិនជ្រាយពេក គ្រាប់តូបតូច ដែលធ្វើឱ្យអ្នកបរិភោគចូលចិត្តខ្លាំងជាងទុរេនពូជផ្សេងៗ។
> ទុរេនរបស់ប្រទេសម៉ាឡេស៊ីពូជ មូសាងឃីង (Musang king) ដែលមានតម្លៃថ្លៃ ច្រើននាំទៅលក់នៅប្រទេសចិន។
សូមជម្រាបថា នៅឆ្នាំ ២០០៧ អ្នកវិទ្យាសាស្ត្រកសិកម្មថៃម្នាក់គឺនDr. Songpol Somsri (ดร.ทรงพล สมศรี) ព្យាយាមបង្កាត់ពូជទុរេនបានជាង ៩០ប្រភេទ ក្នុងខេត្តចន្ទប៊ុរី ដែលធ្វើឲ្យខេត្តនេះបានជាប់លេខ១ លើពិភពលោក ជាខេត្តដែលបង្កាត់ពូជ និងនាំចេញផ្លែឈើស្រស់ច្រើនជាងគេ នៅលើពិភពលោក ខណៈពេលដែលប្រទេសថៃមិនមែនជាទឹកដីកំណើតរបស់ទុរេនឡើយ។ នៅប្រទេសថៃក៏សម្បូរដើមទុរេនបុរាណណាស់ដែរ ពិសេសនៅភាគខាងត្បូងប្រទេសថៃ ដែលដើមខ្លះមានអាយុរហូតទៅដល់ ៣០០ឆ្នាំ ហើយនៅតែផ្ដល់ផ្លែរាល់ឆ្នាំ ដោយ១ឆ្នាំមានផ្លែ ៣០០-៥០០ផ្លែ។
កាលពីសង្គមចាស់ចម្ការទុរេនមានដាំតែទុរេនពូជដូនតា ឬទុរេនស្រែតែ ៣-៤ពូជប៉ុណ្ណោះ ដោយសារទុរេនជាឈើហូបផ្លែដែលរើសដី ពិបាកដាំ ពិបាកថែ ដូចគ្នានឹងឈើហូបផ្លែ ២មុខទៀត គឺមង្ឃុត និងសាវម៉ាវ។ តាមឯកសារចាស់ៗ និងការស្រាវជ្រាវ ទុរេនពីសង្គមចាស់មានដាំនៅ ៖
១ ខេត្តកំពត ដូចជាស្រុកព្រៃនប់ និងស្រុកកំពត បច្ចុប្បន្នជាស្រុកទឹកឈូ ពិសេសនៅតំបន់ជើងភ្នំក្បែរទឹកឈូ ចម្ការដែលល្បីឈ្មោះគឺចម្ការរបស់លោក «លី យាត់ឡាយ» មានផ្ទៃដីប្រហែល ៤០ហិកតា ជាប្រភេទដីល្បាយខ្សាច់នៅជើងភ្នំ ដែលសម្បូរដោយដុំថ្មមូលៗនៅក្រោមដី ដែលមុននឹងដាំ គេត្រូវគាស់យកដុំថ្មនោះចេញជម្រៅពី ១-១.៥ម៉ែត្រជាមុនសិន ទើបដាំទុរេន មង្ឃុត សាវម៉ាវ មាក់ប្រាង...។
២ ខេត្តកំពង់ចាម ស្រុកមេមត់ ជាប្រភេទដីក្រហមបន្ទុះភ្នំភ្លើង ដែលពួកខ្មែរក្រហមហៅថា «ដីខ្លាញ់ ឬដីឈាមយក្ស» ដាំអីក៏ដុះល្អដែរ។ បច្ចុប្បន្ន ស្រុកមេមត់នៅក្នុងខេត្តត្បូងឃ្មុំ។
៣ ខេត្តបាត់ដំបង នៅស្រុកប៉ៃលិន ជាដីល្បាយខ្សាច់លាយថ្មក្បែរជើងភ្នំ និងនៅស្រុកសំឡូត ជាប្រភេទដីក្រហមបន្ទុះភ្នំភ្លើង ដែលពួកខ្មែរក្រហមហៅថា «ដីខ្លាញ់ ឬដីឈាមយក្ស» ដាំអីក៏ដុះល្អដែរ។
មកដល់បច្ចុប្បន្ននេះ ពូជទុរេនដែលមានដាំនៅប្រទេសកម្ពុជាមានច្រើនបង្គួរដែរ ពូជខ្លះនាំចូលភាគមកពីប្រទេសថៃ ដូចជា ៖
> ទុរេនបុរាណ ឬទុរេនដូនតា ឬទុរេនស្រែ ដែលដើមខ្លះមានអាយុរហូតទៅដល់៧០-១០០ឆ្នាំ នៅខេត្តកំពត។
> ទុរេនពូជផ្សេងៗ ដែលធ្លាប់ដាំនៅខេត្តកំពតមាន សណ្ដង់កិត ណឹងអួយ ឪខាក់ ឈាងម៉ៃ ឡាយឈី ឡេងជុន...។
> ទុរេន ហ្មនថង (หมอนทอง) មានន័យថា(ខ្នើយមាស) ជាពូជទុរេនរបស់ប្រទេសថៃល្បីលើសគេ មានដាំច្រើនបំផុត។ ខ្មែរយើងភាគច្រើនហៅខុស ខ្លះហៅ(ម៉ាន់ថង) ខ្លះហៅ(មុនថង) សូមលោកអ្នកហៅឲ្យត្រូវតាមសំនៀងជាភាសាថៃ (ហ្មនថង) កុំឲ្យម្ចាស់ដើមរបស់គេសើចចំអកឲ្យយើង។
> ទុរេន ក្រៈឌុមថង (กระดุมทอง) មានន័យថា (ឡេវមាស) ខ្មែរយើងច្រើនហៅអាកំប៉ោក មិនសូវដាំទេ។
> ទុរេន ឆៈនី (ชะนี) មានន័យថា (សត្វទោច) ខ្មែរយើងច្រើនហៅ ឈុននី សាច់លឿងល្អ មិនសូវដាំទេ។
> ទុរេន ភួងមណី (พวงมณี) មានន័យថា (ភួងមណី) ខ្មែរយើងច្រើនហៅ ភួងម៉ាលី សាច់លឿងល្អ សម្បកផ្លែទុំពណ៌បៃតងចាស់ មានដាំបង្គួរដែរ ។
> ទុរេន កានយ៉ាវ (ก้านยาว) មានន័យថា (ទងវែង) ខ្មែរយើងច្រើនហៅ សាច់លឿងល្អ មិនសូវដាំទេ។
> ទុរេន មូសាងឃីង (Musang king) ដែលភាសាម៉ាឡេស៊ីគេហៅថា រ៉ាចា ឃុនយីត (Raja Kunyit) មានន័យថា (រាជារមៀត ឬ ស្ដេចរមៀត) ជាពូជទុរេនដ៏ល្បីរបស់ប្រទេសម៉ាឡេស៊ីតាំងពីទសវត្សរ៍១៩៨០ សាច់វាលឿងដូចរមៀត តែផ្លែមិនសូវធំទេ ដែលមានតម្លៃថ្លៃ ច្រើននាំចេញទៅលក់នៅប្រទេសចិន។ នៅកម្ពុជាយើងឮថាមានទិញពូជមកដាំខ្លះៗហើយ។
បច្ចុប្បន្ននេះនៅព្រះរាជាណាចក្រកម្ពុជាមានខេត្តជាច្រើនដាំទុរេនបានផលហើយ ដោយសារតែវិទ្យាសាស្ត្រខាងកសិកម្មមានការជឿនលឿន គេអាចសិក្សាវាយតម្លៃដីប្រភេទណា ដែលអាចដាំទុរេនបាន ដូចជា ៖
១ ខេត្តកំពត នៅស្រុកទឹកឈូ ជាទុរេនដាំលើដីល្បាយខ្សាច់ នៅជើងភ្នំ មានរសជាតិឆ្ងាញ់ជាងគេទាំងអស់។
២ ខេត្តកែប ជាទុរេនដាំលើដីល្បាយខ្សាច់ នៅជើងភ្នំវល្លិ
៣ ខេត្តកំពង់ស្ពឺ ជាទុរេនដាំលើដីល្បាយខ្សាច់ នៅស្រុកភ្នំស្រួច នៅក្បែរជើងភ្នំពេជ្រនិល។
៤ ខេត្តព្រះសីហនុ ជាទុរេនដាំលើដីល្បាយខ្សាច់ នៅស្រុកកំពង់សីលា និងស្រុកព្រៃនប់ នៅម្ដុំជើងភ្នំបូកគោខាងលិច។
៥ ខេត្តកោះកុង ជាទុរេនដាំលើដីល្បាយខ្សាច់ នៅតាមជើងភ្នំនៃស្រុកថ្មបាំង។
៦ ខេត្តបាត់ដំបង ជាទុរេនដាំលើដីក្រហមនៃស្រុកសំឡូត។
៧ ខេត្តប៉ៃលិន ជាទុរេនដាំលើដីល្បាយខ្សាច់ នៅជើងភ្នំបរយ៉ាខា និងជើងភ្នំខៀវ។ នៅលើកំពូលភ្នំខៀវមានអ្នកទេសចរឡើងភ្នំប្រាប់ថា មានដើមទុរេនព្រៃ ដែលមានអាយុកាលប្រហែល ១០០ឆ្នាំ។
៨ ខេត្តពោធិ៍សាត់ ជាទុរេនដាំលើដីល្បាយខ្សាច់ នៅតាមជើងភ្នំនៃស្រុកវាលវែង ស្រុកតាលោសែនជ័យ។
៩ ខេត្តកំពង់ឆ្នាំង ជាទុរេនដាំលើដីល្បាយខ្សាច់ នៅតាមជើងភ្នំឱរ៉ាល់ នៃស្រុកទឹកផុស។
១០ ខេត្តកំពង់ចាម ជាទុរេនដាំលើដីក្រហមនៃស្រុក ស្ទឹងត្រង់ ស្រុកចំការលើ។
១១ ខេត្តត្បូងឃ្មុំ ជាទុរេនដាំលើដីក្រហមនៃស្រុកមេមត់ និងដាំលើដីល្បាយខ្សាច់នៃស្រុកតំបែរ។
១២ ខេត្តរតនគិរី ជាទុរេនដាំលើដីក្រហម។
១៣ ខេត្តមណ្ឌលគិរី ជាទុរេនដាំលើដីក្រហម។
១៤ ខេត្តស្ទឹងត្រែង ជាទុរេនដាំលើដីល្បាយខ្សាច់ នៅម្ដុំអូរពងមាន់ និងនៅស្រុកសេសាន។
១៥ ខេត្តក្រចេះ ជាទុរេនដាំលើដីក្រហមនៃស្រុកស្នួល។
១៦ ខេត្តកំពង់ធំ ជាទុរេនដាំលើដីល្បាយខ្សាច់នៅស្រុកសន្ទុក និងស្រុកសណ្ដាន់។
១៧ ខេត្តសៀមរាប ជាទុរេនដាំលើដីល្បាយខ្សាច់នៅជើងភ្នំគូលែននៃស្រុកបន្ទាយស្រី។
១៨ ខេត្តព្រះវិហារ ជាទុរេនដាំលើដីក្រហមបន្ទុះភ្នំភ្លើង
> ស្រុកត្បែងមានជ័យ ភូមិហ្មសែត និងភូមិចំការស្រមូវ។
> ស្រុកគូលែនដាំនៅឃុំស្រយង់ ភូមិស្រយង់ជើង និងភូមិស្រយង់ត្បូង។
> ទុរេនដាំលើល្បាយខ្សាច់នៅភូមិអូពោរ ឃុំរមណីយ ស្រុករវៀង លើផ្ទៃដី ២០០ហិចតា ដែលដាំបានទុរេនរហូតដល់ ១៦០០០ដើម ជាការដាំមានលក្ខណៈទ្រង់ទ្រាយធំ របស់ក្រុមហ៊ុន TKY Farm ដែលជួលជំនាញការបរទេសមកដាំ សម្រាប់នាំចេញទៅប្រទេសចិន។ ពូជទុរេនដែលដាំមាន ៣ពូជ ៖ ហ្មនថង, ឪខាក់, មូសាងឃីង។ កសិដ្ឋាននេះប្រមូលផលទុរេនបាន ២-៣ឆ្នាំហើយ។ នៅឆ្នាំ២០២៣ នាំចេញទៅប្រទេសចិនបានជិត ៥០០តោន។
១៩ ខេត្តស្វាយរៀង ជាទុរេនដាំលើដីល្បាយខ្សាច់ នៅស្រុករមាសហែក។
២០ ចំពោះខេត្តផ្សេងៗទៀត មាន
> ខេត្តតាកែវ ឃើញមានដាំនៅជើងភ្នំស្រុកគិរីវង់ តែមិនទាន់បានផលទេ។
> ខេត្តឧត្តរមានជ័យ ឃើញមានដាំនៅស្រុកអន្លង់វែង តែមិនទាន់បានផលទេ។
> ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ ដូចជាគ្មានដាំទុរេនទេ។
សរុបមកយើងសង្កេតឃើញថា ចម្ការទុរេនមានស្ទើរតែគ្រប់ខេត្ត តែផ្លែទុរេននៅតែថ្លៃដដែល។ មិនដឹងជាឆ្នាំណាទេ ដែលទុរេនចុះថោកដូចស្វាយកែវរមៀត
តាមការវាយតម្លៃ ដោយឈរលើបច្ចេកទេសពិសោធ និងការធ្វើប្រជាមតិ ខេត្ត ៥ ដែលមានផ្លែទុរេនទុំឆ្ងាញ់ជាងគេ ដោយឲ្យពិន្ទុទៅតាមលំដាប់លេខរៀង ៖
១ ខេត្តកំពត ទុរេនទឹកឈូ នៅស្រុកទឹកឈូ
២ ខេត្តបាត់ដំបង ទុរេននៅស្រុកសំឡូត
៣ ខេត្តកោះកុង ទុរេននៅស្រុកថ្មបាំង
៤ ខេត្តត្បូងឃ្មុំ ទុរេនស្រុកតំបែរ
៥ ខេត្តសៀមរាប ទុរេនស្រុកបន្ទាយស្រី។
ភូមិសាស្ត្រនៃកោះ ប័រណេអូ ឬកោះកាលីម៉ាន់តាន់
កោះ ប័រណេអូជាកោះនៅតំបន់អេក្វាទ័រ នាំឲ្យមានភ្លៀងធ្លាក់ច្រើន សម្បូរព្រៃឈើ និងជ្រោះជ្រលងភ្នំ ដែលអំណោយផលដល់ដើមឈើដុះលូតលាស់ល្អ ការធ្វើកសិកម្ម និងល្អសម្រាប់វិស័យទេសចរធម្មជាតិ។
កោះប័រណេអូជាកោះធំបំផុតទី ៣ក្នុងលោក ៖
> ភាគខាងជើង និងពាយ័ព្យនៃកោះ ជាសមុទ្រចិនខាងត្បូង
> ភាគឦសានជាសមុទ្រ Sulu
> ភាគខាងកើតជាសមុទ្រ Celebes
> ភាគខាងត្បូងជាសមុទ្រ Java។ កោះប័រណេអូ មានផ្ទៃដីសរុបប្រមាណ ៧៥៥ ០០០គីឡូម៉ែត្រការ៉េ ដោយរាប់បញ្ចូលទាំងកោះតូចៗ នានានៅក្បែរខាង។ គឺថា កោះនេះធំជាងប្រទេសខ្មែរ ៥.៧៦ដង។
ប្រទេសឥណ្ឌូណេស៊ី មានចំណែកដីច្រើនជាងគេគឺ ៧៣% ហៅថា «កាលីម៉ាន់តាន់» រួមមានខេត្តចំនួន៥ គឺ
១ កាលីម៉ាន់តាន់កណ្តាល
២ កាលីម៉ាន់តាន់ខាងជើង
៣ កាលីម៉ាន់តាន់ខាងត្បូង
៤ កាលីម៉ាន់តាន់ខាងលិច
៥ កាលីម៉ាន់តាន់ខាងកើត។ រដ្ឋធានីថ្មីប្រទេសឥណ្ឌូនេស៊ីនឹងលើទៅនៅខេត្តនេះ មានឈ្មោះថា Nusantara នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដោយរដ្ឋធានី ហ្សាការតា ប្រឈមមុខនឹងទឹកសមុទ្រលិច ដូចក្រុងបាកក និងក្រុងហូជីមិញដែរ។ ពីរដ្ឋធានីថ្មី ទៅរដ្ឋធានី ហ្សាការតា ត្រូវហោះឆ្លងសមុទ្រចម្ងាយ ១៣០០គ.ម.។
ប្រទេសម៉ាឡេស៊ីមានចំណែក ២៦% មានរដ្ឋពីរនៅលើកោះនេះ គឺ
១ រដ្ឋសារ៉ាវ៉ាក់ (Sarawak) មានទីក្រុងប្រចាំរដ្ឋឈ្មោះ គូឈិង (Cuching)។ គេត្រូវជិះយន្តហោះពីក្រុង គូឡាឡាំពួឆ្លងសមុទ្រចិនខាងត្បូង រយៈពេល ១ម៉ោង ៥០នាទី ក្នុងចម្ងាយផ្លូវប្រហែល ១០០០គ.ម.។
២ រដ្ឋសាបាហ៍ (Sabah) មានទីក្រុងប្រចាំរដ្ឋឈ្មោះ កូតា គីណាបាលូ (Kota Kinabalu)។ គេត្រូវជិះយន្តហោះពីក្រុង គូឡាឡាំពួ ឆ្លងសមុទ្រចិនខាងត្បូង រយៈពេល ២ម៉ោង ៤០នាទី ក្នុងចម្ងាយផ្លូវប្រហែល ១៦០០គ.ម.។
ប្រទេសប្រ៊ុយណេ ដែលមានចំណែកដីតែ ១% (៥៧៦៥គ.ម.ការ៉េ) ប៉ុណ្ណោះ ហើយមានទីតាំងស្ថិតនៅជាប់មាត់សមុទ្រ នៅចន្លោះរដ្ឋទាំងពីរនៃប្រទេសម៉ាឡេស៊ី៕
ប្រភពអត្ថបទ ៖ វេជ្ជ. អ៊ុន សុវណ្ណា