ព្រោះដើម្បីកូន ទើបម៉ាក់មិនអាចទន់ជ្រាយបានឡើយ ព្រោះកូន ទើបម៉ាក់រឹងមាំដូចពេលនេះ

ជីវិតជាមនុស្សស្រី កើតមកជាប់កម្មរួចទៅហើយ ហើយវាក៏រឹតតែពិបាក បើត្រូវរស់នៅ ប្រឹងប្រែងតែម្នាក់ឯង មើលថែ ចិញ្ចឹមបីបាច់ថែរក្សា និងធ្វើការរកលុយដើម្បីកូន ព្រោះតែគ្មានប្ដី គ្មានមនុស្សដែលរឹងមាំ អាចទីពឹងពុំនាក់បាន។

១

គ្មានមនុស្សស្រីណា ចង់ឱ្យខ្លួនមករងកម្ម សស្រាក់សស្រាំ ត្រាំត្រែង លីសែង រែកពន់តែម្នាក់ឯងនោះឡើយ តែជីវិតវាគ្មានជម្រើស ព្រោះជម្រើសរបស់នាងមានតែមួយប៉ុណ្ណោះ ដើម្បីសុខ ដើម្បីរួចចាកពីនរក គឺមានតែចាកចេញ លែងលះ ស៊ូទ្រាំ តស៊ូលំបាកតែឯង មើលថែកូនដោយខ្លួនឯង ក៏មិនអាច ទ្រាំរស់នៅជាមួយប្ដី ដែលគ្មានទំនួលខុសត្រូវដែរ។

79773946_803893290051370_4346474618282835968_n

ម៉ាក់ប្រហែលជាខុស ដែលធ្វើឱ្យកូនក្លាយជាកូនដែលកំព្រាឪពុក។

ម៉ាក់ប្រហែលជាខុស ដែលធ្វើឱ្យកូនបាត់បង់បង្អែកមួយ។

ម៉ាក់ប្រហែលជាមិនត្រូវពិតមែន ដែលធ្វើឱ្យកូនលំបាកជាមួយនឹងម៉ាក់។

ម៉ាក់ក៏មិនចង់ដែរ ពេលខ្លះម៉ាក់ក៏សឹងតែទៅមុខបន្តលែងបាន ម៉ាក់នឹកចុះនឹកឡើង អាណិតកូន ក៏អាណិតខ្លួនឯង ម៉ាក់មិនមែនជាមនុស្សស្រីរឹងដូចថ្មទេ តែក៏ព្រោះតែកូន កូនជាកម្លាំងចិត្ត កូនជាអ្នកធ្វើឱ្យម៉ាក់ត្រូវតែតស៊ូ ជម្នះ និងពុះពារហែលឆ្លងរាល់ទុក្ខ ឧបសគ្គ ការលំបាកទាំងឡាយ ដោយមិនខ្លាចរអាអ្វីទាំងអស់ ក៏ព្រោះតែកូន ទើបម៉ាក់មិនអាចទន់ជ្រាយ ដើម្បីតែកូន ទើបម៉ាក់ត្រូវធ្វើជាម្ដាយផង ឪពុកផង ម៉ាក់រឹងមាំមកបាន ក៏ព្រោះតែកូន ជាកម្លាំងចិត្តដ៏ធំ និងជាមនុស្សសំខាន់បំផុត ដែលចាំជួយរុញច្រានឱ្យម៉ាក់បន្តទៅមុខទៀត។

ម៉ាក់គ្រាន់តែសង្ឃឹមថា កូនធំឡើងនឹងយល់ដឹង ជាកូនល្អ ជាមនុស្សល្អ មិនធ្វើឱ្យម៉ាក់ ខូចចិត្ត ឈឺចាប់ គ្រាំគ្រានោះឡើយ៕

79529059_803893363384696_2193801133665812480_n

79837319_803893300051369_9083240332161712128_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ