រូបរាងរន្ធផ្ចិតរបស់មនុស្សយើងម្នាក់ៗ សុទ្ធតែអាចប្រាប់ពីបុគ្គលិកលក្ខណៈ និងលាភពសំណាងដល់ម្ចាស់ តើមួយណាជារន្ធផ្ចិតរបស់អ្នក?
១. ផ្ចិតប៉ោង
ប្រសិនបើរន្ធផ្ចិតរបស់អ្នកមានរាងប៉ោង នោះបញ្ជាក់ថា អ្នកជាមនុស្សរឹងមាំ ហើយក៏រឹងរូស ចចេស មានះផងដែរ។ តែយ៉ាងណាមិញ អ្នកក៏ជាមនុស្សដែលឧស្សាហ៍ព្យាយាម មិនថាអ្នកធ្វើកិច្ចការងារអ្វីនោះទេ អ្នកក៏នឹងប្រឹងប្រែង ហើយធ្វើទាល់តែអស់ពីសមត្ថភាព ដោយមិនខ្វល់ថាត្រូវនឿយហត់ ស្លាប់ ឬរស់នៅះឡើយ។
ប៉ុន្តែក្នុងស្ថានភាពមួយដែលប្រសិនបើមានអ្នកបញ្ចេញមតិយោបល់ដល់អ្នកច្រើនពេក អ្នកក៏ក្លាយជាមនុស្សល្ងង់មួយរំពេច ទោរទន់ ងាយជឿពាក្យសម្ដី និងការបញ្ចេញបញ្ជូលរបស់គេណាស់។ លើសពីនេះ អ្នកក៏ជាមនុស្សដែលចូលចិត្តឱ្យគេចាប់អារម្មណ៍លើអ្នក ចង់បានការស្រឡាញ់ យកចិត្តទុកដាក់ពីអ្នកដទៃ ហើយចង់ឱ្យគេទុកអ្នកជាមនុស្សសំខាន់ថែមទៀតផង។
ដោយហេតុនេះហើយ វាអាចជាចំណុចមួយដែលធ្វើឱ្យអ្នក ក្លាយជាមនុស្សដែលរង់ចាំស្នេហាក្នុងរយៈពេលយូរ ប៉ុន្តែប្រសិនបើអ្នកបានជួបដៃគូស្នេហាហើយនោះ ចំណងស្នេហារបស់អ្នក ក៏បានយូរអង្វែងដូចគ្នាដែរ។
២. ផ្ចិតជ្រៅ
ប្រសិនបើផ្ចិតរបស់អ្នកមានរាងចូលទៅជ្រៅ នោះបញ្ជាក់ថា អ្នកជាមនុស្សដែលមានចិត្តគំនិតធំទូលាយ ចេះបើកចិត្តបើកបេះដូង មានចិត្តសប្បុរសដ៏ប្រសើរ យ៉ាងណាមិញ សេចក្ដីស្រឡាញ់ និងភាពល្អរបស់អ្នក មិនមានដែនកំណត់នោះឡើយ។ អ្នកក៏ជាមនុស្សម្នាក់ដែលពូកែផ្ដល់គំនិត និងដោះស្រាយបញ្ហាដល់អ្នកជុំវិញខ្លួន។
អ្នកជាមនុស្សដែលរីករាយនឹងជួយអ្នកដទៃដោយគ្មានលក្ខខណ្ឌ មិនដែលប្រកាន់ចិត្តចង់បានការតបស្នងមកវិញទេ ក៏មិនដែលបដិសេធឡើយ ឱ្យតែមានអ្នកណាមកពឹងពាក់ អ្នកក៏ស្ម័គ្រចិត្តជួយគេអស់ពីចិត្តពីថ្លើម។
លើសពីនេះ អ្នកក៏ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ជាខ្លាំង អ្នកជាមនុស្សដែលមានការគិតច្រើន សង្ស័យច្រើន ជួនកាលសង្ស័យទាំងអារម្មណ៍របស់ខ្លួនឯងថែមទៀតផង។ ដូច្នេះហើយ អ្នកគប្បីប្រលែងចិត្តគិតខ្វល់ បារម្ភនេះចោលខ្លះទៅ ដើម្បីឱ្យខ្លួនឯងបានសប្បាយចិត្ត និងជ្រះថ្លាក្នុងគំនិតខ្លះ។
៣. ផ្ចិតតូចរាក់
ប្រសិនបើអ្នកមានរន្ធផ្ចិតរាក់ ជារាងទ្រវែងបែបនេះ មានន័យថា អ្នកជាមនុស្សដែលមានការគោរពខ្លួនឯងតិចណាស់ ហើយក៏តែងតែមានការគិតសង្ស័យពីជីវិតច្រើនហួសហេតុដែរ។ ប៉ុន្តែយ៉ាងណាមិញ អ្នកជាមនុស្សម្នាក់ដែលគួរឱ្យទុកចិត្ត រាល់ពេលដែលមានអ្នកណាប្រាប់ពីអាថ៌កំបាំងរបស់គេប្រាប់អ្នក អ្នកក៏នឹងអាចរក្សាការសម្ងាត់នោះបានយ៉ាងណា។
ប៉ុន្តែអ្នកនៅតែមិនអាចបើកចិត្តទុកចិត្តលើអ្នកណាម្នាក់ឡើយ លើកលែងតែមនុស្សនៅក្នុងគ្រួសារ ឬមិត្តដែលជិតស្និទ្ធនឹងអ្នកខ្លាំងបំផុត។ អ្នកជាមនុស្សដែលពូកែស្ដាប់ ប៉ុន្តែអ្នកមិនពូកែបញ្ចេញមតិ ឬយោបល់អ្វីច្រើនទេ។
អ្នកអាចយល់ច្បាស់ពីអារម្មណ៍របស់អ្នកដទៃ តែអ្នកមិនចូលចិត្តនិយាយច្រើន ឬនិយាយយូរបែកអូរហូរស្ទឹងជាមួយអ្នកណាឡើយ ព្រោះគ្រប់ម៉ាត់ដែលអ្នកនិយាយ ទាល់តែចាំបាច់ ឬសំខាន់ មានប្រយោជន៍ ទើបអ្នកនិយាយ។ លើសពីនេះ អ្នកក៏មិនដែលនិយាយពាក្យអ្វីដែលមិនល្អ សូម្បីតែពេលដែលអ្នកខឹងប៉ុនណាក៏ដោយ ក៏អ្នកមិនជះកំហឹង និងនយាយស្ដី ធ្វើឱ្យអ្នកដទៃខូចចិត្ត ឬខូចអារម្មណ៍ឡើយ។
៤. ផ្ចិតរាងសំប៉ែត
ប្រសិនបើរន្ធផ្ចិតរបស់អ្នកមានរាងសំប៉ែត នោះបញ្ជាក់ថា អ្នកជាមនុស្សដែលមានកាយសម្បទាខ្សោយណាស់។ អ្នកក៏ជាមនុស្សដែលមិនចូលចិត្តធ្វើការងារអ្វីដែលលំបាកៗ ឬមានភាពហត់នឿយ ប្រើកម្លាំងច្រើនឡើយ សូម្បីតែការហាត់ប្រាណ ក៏មិនស្ថិតក្នុងចំណង់ចំណូលចិត្តអ្នកដែរ។
តែទោះជាយ៉ាងណា អ្នកជាមនុស្សដែលមានបញ្ញាឆ្លាតវាងវៃ ពូកែ ហើយក៏សកម្មក្នុងការធ្វើកិច្ចការងារផងដែរ។ អ្នកជាមនុស្សដែលមានភាពច្នៃប្រតិដ្ឋខ្ពស់ មានគំនិតថ្មីៗជានិច្ច ហើយជាមនុស្សដែលពោរពេញដោយភាពរីករាយជាមួយនឹងការងារដែលប្រើកម្លាំងខួរក្បាល។
ប៉ុន្តែក៏មានពេលខ្លះ អ្នកជាមនុស្សដែលខ្ជិលច្រអូសខ្លាំងដែរ ប៉ុន្តែដោយសារតែភាពខ្ជិលនេះហើយ ដែលនាំឱ្យអ្នកគិតឃើញនូវដំណោះស្រាយងាយៗ និងផ្លូវចេញដ៏ល្អប្រសើរ នៅពេលដែលអ្នកជួបប្រទះ ឬប្រឈមមុខនឹងបញ្ហាមួយចំនួន។
៥. ផ្ចិតរាងពងក្រពើ
ប្រសិនបើអ្នកមានរន្ធផ្ចិតរាងជាពងក្រពើនេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានការផ្សាភ្ជាប់ជាមួយនឹងអារម្មណ៍ ឬមនោសញ្ចេតនាជាខ្លាំង ហើយក៏ងាយនឹងប៉ះទង្គិចផ្លូវចិត្ត ឆាប់រសើបផងដែរ។ អ្នកជាមនុស្សដែលចិត្តក្ដៅ
ឆេវឆាវ មិនសូវចេះអត់ធ្មត់ប៉ុន្មានទេ ហើយក៏ជាមនុស្សដែលមិនចេះនៅស្ងៀមដូចគ្នា អ្នកកម្រអង្គុយស្ងៀមៗមិនធ្វើអីណាស់ និយាយឱ្យចំអ្នកជាមនុស្សរវល់គ្មានព្រំដែន។ បញ្ហាដ៏ធំរបស់អ្នកគឺ ជាមនុស្សដែលងាយខឹង ឆាប់អន់ចិត្ត គិតច្រើន មិនចេះទប់អារម្មណ៍ ដូច្នេះហើយ អ្នករមែងនឹងបង្កើតនូវកំហុសជាច្រើន ព្រោះតែភាពមិនចេះអត់ធ្មត់នេះហើយ។
តែទោះជាយ៉ាងណា នៅពេលដែអ្នកជួបបញ្ហា ឬប្រឈមមុខនឹងរឿងរ៉ាវជាច្រើន អ្នកតែងតែសម្ងំគិត ពិបាកចិត្តតែម្នាក់ឯង ស៊ូទ្រាំរ៉ាប់រងនូវសម្ពាធ និងបញ្ហាទាំងនោះ ដោយមិននិយាយ ឬសុំជំនួយពីអ្នកណាម្នាក់នោះឡើយ ព្រោះអ្នកជាមនុស្សចេះតែងគិតច្រើន ចូលចិត្តក្រែងចិត្តអ្នកដទៃ មិនចង់រំខានគេទេ។
៦. ផ្ចិតរាងធំ
ប្រសិនបើអ្នកមានរន្ធផ្ចិតធំ នេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ចំពោះមនុស្សដែលនៅជុំវិញអ្នក។ អ្នកតែងតែធ្វើការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាប់ជានិច្ចដើម្បីប្រឈមមុខជាមួយនឹងបញ្ហាដែលនឹងកើតឡើង។
អ្នកមិនងាយនឹងជឿជាក់ ឬទុកចិត្តលើនរណាម្នាក់ផ្ដេសផ្ដាសឡើយ តែយ៉ាងណា អ្នកក៏នឹងតែងតែទុកឱកាសដល់មនុស្សដែលសក្តិសមនឹងចូលមកក្នុងជីវិតរបស់អ្នក។ ដូច្នេះ ប្រសិនបើមាននរណាម្នាក់ដែលអ្នកទុកចិត្តហើយនោះ គឺបញ្ជាក់ថា គេម្នាក់នោះ ពិតជាមនុស្សដែលសំខាន់ណាស់ហើយសម្រាប់អ្នក។
លើសពីនេះ អ្នកក៏នឹងព្យាយាមថែរក្សា និងការពារពួកគេឱ្យបានល្អថែមទៀតផង។ ប៉ុន្តែមានពេលខ្លះ អ្នកមានអារម្មណ៍ថាសោកសៅ និងឯកាជាខ្លាំង ព្រោះតែអ្នកខ្វះមនុស្សដែលស្រឡាញ់ បារម្ភ និងយកចិត្តទុកដាក់ អ្នកតែងតែមានអារម្មណ៍ថា អ្នកជាមនុស្សដែលស្ថិតនៅក្នុងពិភពលោកនេះតែម្នាក់ឯងអ៊ីចឹងដែរ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)