ជាធម្មតា ការរកស៊ី ទាំងយើងទាំងគេ គឺសុទ្ធតែត្រូវការ ផលចំណេញ ទៅតាមមុខទំនិញ តិច ឬច្រើន ក៏ត្រូវតែយកដែរ។ ប៉ុន្តែការលក់ដូរ ពេលខ្លះ ជាមួយបងប្អូនឯង មិត្តភក្តិដ៏ជិតស្និទ្ធរបស់ខ្លួនឯង គឺមិនហ៊ានលក់ថ្លៃទេ ខ្លាចគេថាយើងកោរគេ ខ្លាចគេថា ស៊ីលើក្បាលគ្នាឯង ខ្លាចគេថាយើងហ្នឹងមិនរាប់មិត្ត គិតញាតិ។ មានពេលខ្លះ ក៏រឹតតែមិនហ៊ានចំណេញទៅទៀត គឺលក់ឱ្យថ្លៃដើម ដូចតែជួយទិញឱ្យគេប្រើតែប៉ុណ្ណោះ។
ប៉ុន្តែ ការគិតរបស់យើង វាខុសពីការគិតរបស់ញាតិមិត្តយើង ពាក្យថា សាច់ឯង គ្នាឯង នេះមួយ គឺគេខ្លាចយើងមានបានណាស់ ខ្លាចយើងចំណេញគេណាស់។
- អ្នកខ្លះ សុខចិត្តទៅទិញគេ ដល់ពេលមានបញ្ហា មកសួរយើង
- អ្នកខ្លះ ទិញពីយើងមែន តែសុទ្ធតែទៅជ្រែស៊ើបតម្លៃពីហាងគេ
- អ្នកខ្លះ ទិញយើងហើយ ពាក្យច្រើនសម្ដីច្រើន រអ៊ូពីតម្លៃឥតល្ហែ
- អ្នកខ្លះ ទិញដែរ តែតថ្លៃចង់បែកពពុះមាត់នៅនឹងកន្លែងតែម្ដង
- អ្នកខ្លះ សួរយើងចុះឡើងៗ ដល់រួចទៅទិញគេផ្សេងទៅវិញ
- អ្នកខ្លះ ទិញហើយ អត់ឱ្យលុយទេ ជំពាក់ ឡើងយើងអ្នកលក់ខ្មាសអត់ហ៊ានទារលុយ
- អ្នកខ្លះ ប្រៀបធៀបអីវ៉ាន់យើង និងអីវ៉ាន់ហាងផ្សេង សុទ្ធតែគេចេះ ឯងចុះ
និយាយឱ្យអស់ទៅ គេអាងពាក្យថាគ្នាឯង យូរៗ លែងទុកចិត្តគ្នាឯង គេខ្លាចតែយើងហ្នឹងចំណេញពីគេច្រើន ប្រកាន់គំនិត តិចវាកោរអញ។ អ៊ីចឹងបានថា ពាក្យគ្នាឯងហ្នឹង មិនមែនសុទ្ធតែគេគិតដូចយើងគិតឡើយ។ ចង់ជួយគេ ស្មោះត្រង់នឹងគេ បានត្រឹមតែពាក្យច្រើនសម្ដីច្រើន៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ