ដើម្បីរក្សាបាននូវពរជ័យ និងហុងស៊ុយល្អសម្រាប់ក្រុមគ្រួសាររបស់អ្នក អ្នកត្រូវតែចងចាំឱ្យបានច្បាស់ នូវច្បាប់ទាំង ២ នេះ ដើម្បីកុំឱ្យមានរឿងមិនល្អ នាំគ្រោះចូលក្នុងផ្ទះ។
១. កុំយករឿងក្នុងផ្ទះ ទៅលាតត្រដាងប្រាប់អ្នកដទៃ
តាមការពិត នៅពេលដែលមនុស្សម្នាក់លាតត្រដាងពីរឿងឯកជនរបស់គ្រួសារច្រើនពេក ពួកគេកំពុងតែអនុញ្ញាតឱ្យអ្នកដទៃទាញយកប្រយោជន៍ពីភាពទន់ខ្សោយនេះ។ ឯកជនភាពជាញឹកញាប់គឺជាចំណុចខ្សោយបំផុតនៅក្នុងគ្រួសារ វាក៏ជាផ្នែកអាក្រក់ដែលអាចត្រូវបានគេកេងប្រវ័ញ្ចបានដែរ។ មានមនុស្សជាច្រើននៅរស់ដែលតែងតែចង់ដឹងចង់ឮរឿងគ្រួសាររបស់អ្នក ចាំមើលតែគ្រួសារអ្នកបែកបាក់ ពួកគេសប្បាយចិត្ត ចាំតែកេងចំណេញ។
ប្រសិនបើអ្នកជួបប្រទះបញ្ហា ចូរងាកមកមើលខ្លួនឯង ត្រូវប្រាកដថាស្វែងរកមូលហេតុនៅក្នុងគំនិតរបស់អ្នក តាមពាក្យសម្ដី និងសកម្មភាពរបស់អ្នក។ បើមានបញ្ហាក្នុងគ្រួសារ កុំនិយាយប្រាប់អ្នកក្រៅ តែត្រូវដោះស្រាយក្នុងគ្រួសារ។ ថែរក្សាខ្លួនអ្នកឱ្យបានល្អ បង្កើតច្បាប់ និងធ្វើតាម ប្រសិនបើមានបញ្ហា វាក៏អាចកាត់បន្ថយការលំបាកទាំងអស់។ បើបញ្ហាគ្រួសារមិនរាលដាលទេ ស្ថានភាពក៏មិនកាន់តែធ្ងន់ធ្ងរដែរ។
២. កុំលូកដៃ ចេះដឹងរឿងគ្រួសារអ្នកដទៃ
គ្រួសារណាក៏មានបញ្ហា ការលំបាក ជួបប្រទះនូវភាពរកាំរកូសឈ្លោះទាស់គ្នាដែរ មិនថាគ្រួសារគេ ឬគ្រួសារយើងនោះឡើយ។ យ៉ាងណាក៏ដោយ អ្នកត្រូវតែចាំងថា កុំយករឿងគ្រួសារខ្លួនឯងទៅប្រាប់អ្នកដទៃ ហើយក៏មិនត្រូវលូកដៃ ចេះដឹងរឿងគ្រួសារអ្នកដទៃដែរ ព្រោះវាមិនមែនជាតួនាទីយើងទេ។ ក្នុងជីវិត មនុស្សគ្រប់រូបត្រូវការ "ការយល់ចិត្ត" ដើម្បីគិតអំពីបញ្ហាពីទស្សនៈរបស់អ្នកដទៃ ហើយនិយាយអ្វីដែលត្រូវនិយាយ។
អ្នកមិនដែលឆ្លងកាត់បទពិសោធន៍របស់អ្នកដទៃទេ អ្នកក៏មិនដឹងរឿងគេច្បាស់នោះដែរ ដូច្នេះសូមនិយាយពាក្យត្រឹមត្រូវ កុំធ្វើបាបអ្នកដទៃ។ នៅក្នុងជីវិត អ្នកតែងតែជួបប្រទះនូវស្ថានភាពដែលអ្នកដទៃត្អូញត្អែរចំពោះអ្នក ត្អូញត្អែរអំពីការងាររបស់ពួកគេ ឬត្អូញត្អែរអំពីគ្រួសាររបស់ពួកគេ។ តែយ៉ាងណាមិនថាគេត្អូញត្អែរបែបណាទេ អ្នកអាចបានត្រឹមតែស្ដាប់ អាចបានត្រឹមតែលើកទឹកចិត្ត តែមិនត្រូវជ្រៀតជ្រែកចូលទៅជ្រៅពេកឡើយ។ អ្វីដែលសំខាន់លើសពីនេះ ការដែលគេនិយាយប្រាប់យើង ក៏បានន័យថា គេទុកចិត្តយើងហើយ ដូច្នេះ ដាច់ខាតកុំយករឿងគេទៅនិយាយបន្ត កុំបង្កឱ្យមានបញ្ហាដោយសារតែមាត់អត់គម្របឱ្យសោះ៕